ត្រឹម​​៣​ខែ​ដំបូង ឆ្នាំ​២០២១ ក្រុម​ហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​​បរិច្ចាគ​​ទឹក​​បរិសុទ្ធ កម្ពុជា​ ជាង​១​​ម៉ឺន​កេស ដល់​ស្ថាប័ននានា ដែល​កំពុងបំពេញ​​​បេសក​កម្ម​​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ​-១៩។

ការបរិច្ចាគនេះ​ធ្វើ​ឡើងតាម​រយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែល​​គ្រោង​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ឲ្យ​អស់ចំនួន​៣​​ម៉ឺន​កេស ក្នុង​ឆ្នាំ​២០២១​​នេះ។ ​

នាយិកាផ្នែកទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក​ស្រី​ គង់ កុសល មាន​ប្រសាសន៍ថា​ ក្រុម​ហ៊ុន ខ្មែរ ប៊ែវើរីជីស យល់​ច្បាស់​ពីទុក្ខលំបាករបស់​ពលរដ្ឋ​កម្ពុជា​ ភាព​នឿយ​ហត់​របស់​មន្ត្រីនគរ​បាល​ និង​គ្រូពេទ្យ ក្នុង​ស្ថានភាពដ៏​លំបាក​​​នៃ​​ការឆ្លង​រីក​រាលដាលនៃវីរុស​កូវីដ-១៩។ ម្ល៉ោះហើយ ក្រុមហ៊ុនសូម​ចូលរួម​ចែក​រំលែក​​នូវ​​ទឹក​​ចិត្ត ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​បង្កើត​​ដោយ​​កូន​​ខ្មែរ។ ​​

លោក​ស្រីឲ្យដឹងបន្ថែម​ថា​ ថ្មីៗនេះ ក្រុមហ៊ុន​ក៏បានប្ដូរ​​ផ្ទាំងប៉ាណូជាច្រើនកន្លែងទូទាំងប្រទេស និង​ការផ្សព្វផ្សាយតាមប្រព័ន្ធ​ឌីជីថលអំពី​ការ​​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ ទៅ​ជា​សារ​អប់​រំ វិធាន​ការ​ «៣ការពារ ៣កុំ» ដោយ​​ចំណាយថវិកាជាង​​១៥ម៉ឺន​ដុល្លារ​​អាមេរិក​ ដើម្បី​ចូលរួម​​ផ្ញើសារអប់រំ​ស្ដី​ពី​​​វិធានការ​បង្ការ​ការ​ឆ្លង​វីរុស​​កូវីដ​-១៩។

លោកស្រី គង់ កុសល បញ្ជាក់ថា ក្រុមហ៊ុននឹងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់បន្តទៀត ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។ លោកស្រី ក៏សំណូមពរ​​​ដល់ប្រជាពលរដ្ឋមេត្តា​​គោរព​វិធាន​ការ​សុខាភិបាល និងត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ទោះតិចក្ដី​ ច្រើន​ក្តី។​

ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើត​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស ក៏បានបរិច្ចាគថវិកា ៨​លាន ៦សែន​​ដុលា្លរ​អាមេរិក​ ជូនដល់រដ្ឋាភិបាលសម្រាប់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹងការរីករាលដាល​នៃវីរុស​កូវីដ-១៩​នេះ​​ដែរ។

ក្រុមហ៊ុន ​ខ្មែរ ​ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ផលិត​​ស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និង​ទឹក​បរិសុទ្ធ កម្ពុជា ដែល​សុទ្ធតែជាផលិតផល​មាន​ការគាំទ្រខ្លាំង​នៅក្នុងទីផ្សារ៕