ធម្មតាពាក្យថាធ្វើសកម្មភាពមនុស្សធ៏មតាមគោលការណ៍សិទ្ធិមនុស្សរបស់អង្គការប្រជាជាតិ គឺគេមិនគិតពីផលចំណេញ ឬខាតតាមបែបជំនួញនោះទេ ប៉ុន្តែប្រទេសខ្លះបានទទួលនូវប្រាក់ចំណូលរាប់រយលានដុល្លារពីនយោបាយមនុស្សធ៏មមួយនេះ ។ ជាក់ស្តែងប្រទេសថៃ ធ្លាប់បានទទួលជនភៀសខ្លួនខ្មែររាប់សែននាក់កាលពីសម័យសង្រ្គាម ពិសេសក្រោយឆ្នាំ១៩៧៩ដល់១៩៨៤និង១៩៨៥ ។

ជំរំជនភៀសខ្លួនខ្មែរជាច្រើនត្រូវបានបង្កើតឡើងក្នុងដីថៃតាមព្រំដែនខ្មែរថៃ ហើយជំរំដែលធំនិងល្បីមានជនភៀសសឹកខ្មែររាប់សែននាក់ជ្រកកោននោះគឺជំរំសាយធូ(Site 2 ឬ Site II ) បង្កើតឡើងអំឡុងឆ្នាំ១៩៨៤-៨៥ ជំរំខាវអ៉ីដាង ក្រៅពីនោះមានជំរំសាយប៊ី  សាយ៨ សាយអ៉ី ណងចាន់ រិទ្ធិសែន និងជំរំតាទុំជាដើម ។

មានពលរដ្ឋខ្មែរច្រើនណាស់ដែលរៀនសូត្រចេះដឹង និងខ្លះកំពុងរស់នៅក្នុងប្រទេសទី៣ ប្រកបដោយក្តីសុខ ហើយក៍មានពលរដ្ឋខ្មែរជាច្រើនដែលរងការឈឺចាប់វេទនា និងខ្លះស្លាប់ដោយទាហាននិងកងកម្លាំងថៃសម្លាប់អំឡុងពេលរត់ភៀសខ្លួន និងនៅក្នុងជំរំមួយចំនួន ។ ការបង្កើតជំរំភៀសខ្លួនខ្មែរពេលនោះ ត្រូវបានគេដឹងថា ថៃទទួលបានប្រាក់ចំណូលរាប់លានដុល្លារពីការជួលដី និងជំនួយសប្បុរសធ៏ម រាប់មិនអស់ពីឧត្តមស្នងការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាជាច្រើនទៀតដែលជ្រកក្រោមឆត្រអង្គការសហប្រជាជាតិ ។

ងាកមករឿងនៅភូមាវិញ ឥឡូវថៃបាននិងកំពុងរកទីតាំងនិងសាងសង់ជំរំភៀសខ្លួនជាច្រើនកន្លែងដើម្បីទទួលជនភៀសខ្លួនភូមាដែលរត់គេចពីអំពើហិង្សានៅក្រោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ កុម្ភៈ ២០២១ ដើម្បីប្លន់អំណាចពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី ដែលឈ្នះឆ្នោតកាលពីខែវិច្ឆិកា ២០២០ ។ តើថៃចំណេញឬខាតពីនយោបាយមនុស្សធ៏មរបស់ខ្លួន ដូចដែលថៃធ្លាប់បានធ្វើជាមួយខ្មែរ ខណៈកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ថាខ្លួន(រាជរដ្ឋាភិបាលថៃ) មិនបញ្ជូនជនភៀសខ្លួនភូមាត្រឡប់ទៅវិញឡើយ ៕