សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយទៀត គឺអនុក្រឹត្យលេខ៥៧ អនក្រ.បក ស្តីពីការទប់ស្កាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ បណ្តាវិធានការ ដែលមានចែងក្នុងអនុក្រឹត្យថ្មីនេះ មានវិធានការមួយ និយាយពីការចេញពីផ្ទះ។

មាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។

ករណីចាំបាច់ ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋាន មានដូចជា ទៅទិញរបស់បរិភោគ, ទៅមន្ទីរពេទ្យ, ទៅឱសថស្ថាន, ទៅបំពេញការងារ, ទៅប្រកបអាជីវកម្ម, ទៅធ្វើតេស្តរកវីរុសកូវីដ-១៩, ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ការអនុញ្ញាតឲ្យចេញពីលំនៅឋាន ដោយសារករណីចាំបាច់ ដូចបានរៀបរាប់ខាងលើនេះ ត្រូវបានកំណត់ម៉ោង ពោលគឺ មិនអាចធ្វើដំណើរបានគ្រប់២៤ម៉ោងដូចមុនឡើយ។ មាត្រា៨នៃអនុក្រឹត្យលេខ៥៧ អនក្រ.បកនេះ ចែងថា រាល់ការធ្វើដំណើរដែលត្រូវបានអនុញាត ក្នុងមាត្រា៤ មិនត្រូវធ្វើឡើងចន្លោះ «ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ» ឡើយ។

ជាមួយគ្នានេះដែរ មាត្រា៨នេះ នៅអនុញ្ញាតឲ្យធ្វើដំណើរ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ ក្នុងករណីមួយចំនួន ដូចជា មានបញ្ហាសុខភាព ដែលត្រូវទៅមន្ទីរពេទ្យជាប្រញាប់, មានភាពចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ដឹកជញ្ជូនទំនិញ, ទៅបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណៈ, ទៅកន្លែងការងារ ឬកន្លែងអាជីវកម្ម។ មាត្រា៨ដដែល ចែងទៀតថា ករណីផ្សេងទៀត ក៏អាចត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរក្នុងចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺដែរ បើមានការអនុញ្ញាតពីអាជ្ញាធរ ។

សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីវិធានការរដ្ឋបាល ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបបរមានូវផលប៉ះពាលនៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។

យ៉ាងណាមិញ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់ថា វិធានការ ក្នុងអនុក្រឹត្យថ្មីនេះ មិនទាន់ត្រូវយកមកអនុវត្តភ្លាមៗនោះទេ ដោយត្រូវទាមទារឲ្យមានសេចក្តីសម្រេចដោយឡែកពីរដ្ឋាភិបាល ឬថ្នាក់រាជធានី-ខេត្ត ជាមុនសិន ៕

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News