ម៉ាសសន្លឹកបិទមុខក្លាយជាគ្រឿងជំនួយសម្រស់ជាទីពេញនិយមពីសំណាក់នារីៗ ព្រោះតែវាអាចផ្ដល់អោយស្បែកនូវអត្ថប្រយោជន៏ជាច្រើនដល់ស្បែក រួមមាន វីតាមីន និង ជួយផ្ដល់សំណើមដល់ស្បែកបានយ៉ាងឆាប់រហ័ស ហើយអាចប្រើប្រាស់បានជាញឹកញាប់មិនមានបញ្ហាដល់ស្បែកនោះទេ។ តែចំពោះអ្នកដែលទើបតែចាប់ផ្ដើមប្រើប្រាស់ដំបូងៗ ច្បាស់ជាឆ្ងល់មិនខានថា ខ្លួនប្រើប្រាស់បានត្រឹមត្រូវហើយឬនៅ? បើចង់ដឹងថាត្រឹមត្រូវឬនៅទាល់តែអានការណែនាំខាងក្រោមនេះ៖

១. អានការណែនាំពីរបៀបប្រើប្រាស់លើកញ្ចប់
ដើម្បីទទួលបានប្រសិទ្ធភាពយ៉ាងពេញលេញ ហើយប្រើប្រាស់អោយសក្តិសមនិង ប្រភេទស្បែកមុខអ្នកបំផុតនោះ ត្រូវតែពិនិត្យ និង ជ្រើសរើសយកម៉ាសប្រភេទណាដែលជួយបញ្ហាស្បែកមុខដែលអ្នកមាន ជាពិសេសត្រូវតែដឹងពីជំហានដែលអ្នកអាចប្រើប្រាស់ម៉ាសសន្លឹកនេះ ព្រមជាមួយនឹងផលិតផលថែរក្សាស្បែកមុខផ្សេងៗទៀតរបស់អ្នក។

២. លាងសម្អាងមុខអោយស្អាតល្អមុនពេលប្រើប្រាស់
មនុស្សភាគច្រើនប្រហែលជាគិតថាពេលទើបនឹងភ្ញាក់ពីគេងភ្លាម ស្បែកមុខអ្នកនឹងគ្មានធូលីដី កខ្វក់មកពីណានោះទេ។ តែទោះជាមិនទាន់បានចេញទៅខាងក្រៅប៉ះធូលីដីក៏ពិតមែន អ្នកក៏នៅតែអាចធូលីដីទំនៅលើស្បែកមុខអ្នកបានដែរ។ ហេតុនេះហើយ មុនពេលប្រើប្រាស់ម៉ាសសន្លឹកបិតមុខ អ្នកគួរតែសម្អាតមុខអោយបានស្អាតល្អដែល ជួយអោយស្បែកមុខអ្នកទទួលបានប្រសិទ្ធភាពពីការប្រើប្រាស់កាន់តែប្រសើរ។

៣. ម៉ាស្សាថ្មមៗបន្ទាប់ពីបកម៉ាសចេញ
បន្ទាប់ពីបកម៉ាសសន្លឹកចេញរួចរាល់ហើយនោះ ប្រើចុងម្រាមដៃចង្អុល និង ម្រាមដៃកណ្តាលម៉ាស្សាថ្នមៗលើផ្ទៃមុខដើម្បីធ្វើឱ្យសារជាតិ Essence ស្រូបចូលក្នុងស្បែកកាន់តែប្រសើរ ព្រោះវាអាចជួយរម្ញោចចរន្តឈាមអោយដើរបានស្រួល ព្រមធ្វើឱ្យស្បែកមើលទៅមានសំណើមនិងមានសុខភាពល្អ។

៤. ទោះជានៅសល់ Essence ច្រើនយ៉ាងណា ម៉ាសមួយប្រើបានតែម្ដងប៉ុណ្ណោះ
កំហុសដែលអ្នកប្រើប្រាស់ថ្មីថ្មោងភាគច្រើនយល់ច្រឡំនោះគឺ ការយកម៉ាសដែលប្រើប្រាស់រួចម្ដងនោះ មកប្រើប្រាស់ម្ដងទៀត ព្រោះឃើញ Essence នៅសល់ច្រើនគួរសម។ ម៉ាសសន្លឹកភាគច្រើនត្រូវបានផលិត សម្រាប់តែការប្រើប្រាស់តែម្ដងៗ ប៉ុណ្ណោះ ជាពិសេសពេលហែកកញ្ចប់ភ្លាមៗ។ នៅពេលដែលហែកកញ្ចប់រួចហើយនោះ គុណភាពរបស់វាក៏ថមថយចុះទៅតាមនោះដែរ ព្រោះតែរក្សាមិនបានជិតល្អ ហេតុនេះហើយបើអ្នកមិនចង់កើតមុនឬអាឡែរហ្សីគួរតែប្រើម្តងហើយបន្ទាប់មកបោះចោលមិនគួររក្សាទុកឡើយ ការប្រើប្រាស់ម្តងហើយម្តងទៀតនោះទេ។

៥. ប្រើប្រាស់យ៉ាងតិច ២ ដងក្នុងមួយសប្ដាហ៏
បិទម៉ាស់មុខញឹកញាប់ប៉ុណ្ណាទៅ ដើម្បីបំប៉នស្បែកមើលទៅភ្លឺថ្លាមានសំណើមនិងមានសុខភាពល្អនោះ? ចម្លើយនោះគឺ អ្នកអាចប្រើបានរៀងរាល់ថ្ងៃ អាចប្រើប្រាស់ពេលព្រឹកមុនពេលផាត់មុខរឺនៅពេលល្ងាចក្រោយពេលលាងមុខ និង មុនពេលចូលគេង។ ប្រសិនបើអ្នកមិនមានពេលសម្រាប់ប្រើប្រាស់វារៀងរាល់ថ្ងៃទេនោះ អ្នកអាចប្រើវាអោយបាន យ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍ ដើម្បីបំប៉នស្បែក និង ទទួលបានលទ្ធផលដែលអ្នកចង់បាន៕