មនុស្សម្នាក់ៗ គ្មាននរណាម្នាក់ដែលចង់លើសទម្ងន់នោះទេ ព្រោះវាអាចប៉ះពាល់ដល់ការធ្វើសកម្មភាពប្រចាំថ្ងៃ ក៏ប៉ុន្ដែ អ្នកក៏មិនអាចមានរាងស្អាតដែរប្រសិនបើអ្នកមិនថែ។ តាមពិតទៅ ការដែលមានរាងស្អាតមិនមែនមានន័យថា អ្នកត្រូវមានរាងស្គមស្ដើងដូចតារាបង្ហាញម៉ូតនោះទេ តែក៏មិនមែនមានន័យថា អ្នកត្រូវបណ្ដែតបណ្ដោយខ្លួនឲ្យឡើងទម្ងន់ខ្លាំងនោះដែរ ព្រោះការឡើងទម្ងន់លើសស្ដង់ដារ អាច បង្កនូវហានិភ័យជាច្រើនដ៏សុខភាពរបស់អ្នក។

យ៉ាងណាមិញ មានមនុស្សមួយចំនួន ដើម្បីការពារកុំឲ្យឡើងគីឡូ ពួកគេបែរជាធ្វើការបង្អត់អាហារ ឬលេបថ្នាំជាដើមដែលវារឹតតែប៉ះពាល់ដល់សុខភាព និងមានគ្រោះថ្នាក់មួយចំនួនដែលបង្កពីថ្នាំទាំងក៏ មាន។ ហេតុដូចនេះហើយ ទើបអ្នកជំនាញផ្នែកសុខភាពជាច្រើន តែងណែនាំឲ្យធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីរាងកាយមាំមួន និងជួយគ្រប់គ្រងការឡើងគីឡូ។ ក៏ប៉ុន្ដែ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីត១៩ តម្រូវឲ្យអ្នកនៅផ្ទះជាចាំបាច់ ដែលអ្នកមិនអាចទៅក្លឹបហាត់ប្រាណបាន នោះអ្នកអាចធ្វើលំហាត់តិចតួច ដោយមានទម្លាប់ល្អនៅក្នុងការបរិភោគជាដើម។

ខាងក្រោមនេះ ជាវិធីងាយៗទាំង ៦នេះ ទោះគ្មានពេលហាត់ប្រាណគ្រប់គ្រាន់ ក៏អាចសម្រកទំងន់បានដោយមិនប៉ះពាល់សុខភាព៖
១. ញ៉ាំទឹកឲ្យបានច្រើន ព្រោះវានឹងជួយសម្រួលចរន្ដឈាម ឲ្យដើរស្រួល និងជួយបណ្ដេញជាតិពុលនៅក្នុងខ្លួនធ្វើឲ្យស្បែកមានសំណើមស្អាត។

២. កុំទម្លាប់ញ៉ាំអាហារសម្រន់ផ្ដេសផ្ដាស ព្រោះវាអាចមានការប៉ះពាល់ដល់ប្រដាប់រំលាយអាហាររបស់អ្នក ដែលធ្វើឲ្យ ពួកវាមានការនឿយហត់ក្នុងការរំលាយអាហារ និងរំលាយមិនបានល្អបង្កឲ្យមានជំងឺរលាកក្រពះ ពោះវៀនជាដើម។ ជាពិសេសនោះ គឺពិបាកក្នុងការបញ្ចេញចោល ជាហេតុធ្វើឲ្យដុះក្បាលពោះ។

៣. កាត់បន្ថយការញ៉ាំអាហារមានជាតិផ្អែមខ្លាំង ព្រោះវាបង្កើននូវជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នក បណ្ដាលឲ្យរាងកាយផ្ទុកជាតិខ្លាញ់ច្រើន បង្កើតជាការធាត់។

៤. បញ្ឈប់ការផឹកភេសជ្ជៈ ព្រោះវាមានជាតិស្ករខ្ពស់ ងាយនឹងធាត់ណាស់។
៥. ញ៉ាំបន្លែ ផ្លែឈើឲ្យច្រើន ព្រោះវានឹងជួយសម្រួលនូវការរំលាយអាហារ និងការបញ្ចេញចោលអស់ ទើបមិនមានកាកសំនល់នៅក្នុងពោះ។
៦. កុំញ៉ាំឆ្អែតពេក ព្រោះពេលខ្លះរាងកាយរបស់អ្នកប្រើមិនអស់ បង្កជាខា្លញ់ និងការលើសជាតិសាច់ជា ដើម។

ដូចនេះ ប្រសិនបើអ្នកអាចអនុវត្ដនូវវិធីងាយៗទាំង៦នេះប្រាកដណាស់ទោះគ្មានពេលហាត់ប្រាណក៏អាចសម្រកទម្ងន់បានដោយមិនប៉ះពាល់សុខភាពផងដែរ៕