ជាមួយគ្នានេះដែរ ប្រសិនបើស្បែករបស់យើងបាត់បង់ភាពយឺត វានឹងប្រែទៅជាយារធ្លាក់ក៏ដូចជា មានស្នាមជ្រីវជ្រួញ។ ការប្រែប្រួលនៃស្បែកនេះគឺ ជាសញ្ញាទូទៅដែលបញ្ជាក់ថា ខូឡាជែននៃស្បែកត្រូវ បានថយចុះ។ យ៉ាងណាមិញ ស្រីៗយើងអាចបំពេញបន្ថែមនូវខូឡាជែននៃស្បែក និងកាត់បន្ថយស្នាម ជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាពតាមវិធីសាស្ត្រងាយៗ ខាងក្រោមនេះ ។

១. ផលិតផលផ្សំពី អាស៊ីដ Hyaluronic
អាស៊ីដ Hyaluronic គឺជាសមាសធាតុផ្សំសម្រាប់ផលិតខូឡាជែននៃស្បែក ហើយស្រីៗយើងគួរ ជ្រើសរើសសេរ៉ូម ឬគ្រីមដែលផ្សំពីអាស៊ីដមួយប្រភេទនេះ ដើម្បីពន្យារស្នាមជ្រីវជ្រួញដ៏គួរឲ្យស្អប់ខ្ពើម។ បន្ថែមពីនេះ អាហារដែលសំបូរទៅដោយអាស៊ីដអាមីណូ ដូចជាសណ្ដែក បន្លែ មើម (ការ៉ុត ឆៃថាវ ដំឡូង…) ក៏មានផ្ទុកអាស៊ីដ Hyaluronic នេះដែរ ។

២. វីតាមីន C
ដើម្បីទទួលបានស្បែក ភ្លឺរលោង យើងមិនអាចមើលរំលងវីតាមីនC បានឡើយ។ ទោះបីជា វីតាមីន ដ៏អស្ចារ្យនេះ មិនត្រូវបានផលិតនៅក្នុងរាងកាយយើងក៏ពិតមែន ប៉ុន្តែយើងអាចទទួលបានវាតាម រយៈអាហារសុខភាពមួយចំនួនដូចជា ផ្លែក្រូច ល្ហុង ដំឡូង បារាំង ស្វាយ និងផ្កាខាត់ណាជាដើម។ ជាក់ស្តែង វីតាមីន C មានតួនាទីសំខាន់ណាស់ក្នុងការការពារ សុខភាពស្បែក និងបង្កើតខូឡាជែននៅក្នុង រាងកាយ ។

៣. ជែលប្រទាលកន្ទុយក្រពើ
យោងតាមការសិក្សាមួយបានបង្ហាញថា ការប្រើប្រាស់ប្រទាលកន្ទុយក្រពើអាចជួយបង្កើនការផលិតអាស៊ីដ Hyaluronicនិង ខូឡាជែននៃស្បែកទ្វេដង។ លើសពីនេះ វាក៏អាចជួយរំញោចកោសិកាឲ្យ លូតលាស់ ដើម្បីកាត់បន្ថយការលេចចេញស្នាមជ្រីវជ្រួញផងដែរ ។ ដូចនេះ យើងគប្បីជ្រើសរើសជែល ប្រទាលកន្ទុយក្រពើមកលាបនៅលើស្បែកដោយផ្ទាល់ ឬប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដែលផ្សំ ឡើងពីប្រទាលកន្ទុយក្រពើ ។

៤. សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
រាងកាយរបស់យើងប្រើប្រាស់សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដើម្បីការពារខ្លួនពីរ៉ាឌីកាល់សេរី ដែលបំផ្លាញដល់រាងកាយ ។ ថ្វីត្បិតតែសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមិនអាចជួយដល់ការផលិតខូឡាជែនក៏ពិតមែន ប៉ុន្តែវាជួយការពារខូឡាជែនក្នុងរាងកាយមិនឲ្យបាត់បង់ក៏ដូចជា បំពេញមុខងាររបស់ខ្លួន បានយ៉ាងល្អប្រសើរ។ រីឯអាហារដែលផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម មានដូចជា តែបៃតង ផ្លែប្លូប៊ឺរី និងជីនាងវងជាដើម៕