ជំងឺមហារីក ត្រូវអ្នកជំនាញវាយតម្លៃថា ជាមូលហេតុបង្កចម្បងមួយធ្វើឲ្យមនុស្សស្លាប់ច្រើនជាង គេលើពិភពលោក។ ប៉ុន្តែការសិក្សាជាច្រើនបានបង្ហាញថា ការផ្លាស់ប្តូររបបអាហារមួយចំនួនអាចចូលរួម កាត់បន្ថយហានិភ័យជំងឺមហារីកបានពី ៣០ទៅ៥០ភាគរយ ។

១. អាហារផ្អែម និងស្ករចម្រាញ់
អាហារកែច្នៃដែលមានជាតិស្ករច្រើន និងមានជាតិសរសៃ និងជីវិជាតិចិញ្ចឹមទាបមានទំនាក់ទំនង ខ្ពស់ ទៅនឹងហានិភ័យកើតជំងឺមហារីក។ ដើម្បីចូលរួមកាត់បន្ថយហានិភ័យជំងឺមហារីក យើងគួរកម្រិត ឬ ចៀសវាងញ៉ាំអាហារណាជំរុញឲ្យមានការផលិតកម្រិតអាំងស៊ុយលីនច្រើន ដូចជាអាហារមានជាតិស្ករ ខ្ពស់ និងកាបូអ៊ីដ្រាតចម្រាញ់ជាដើម ។

២. សាច់កែច្នៃ
ទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវជំងឺមហារីក (IARC )បានចាត់ទុកសាច់កែច្នៃថា អាចជាធាតុបង្ករបស់ជំងឺមហារីក(carcinogen ) ដែលពេលខ្លះ នាំឲ្យកើតជំងឺមហារីក ។ សាច់កែច្នៃរាប់បញ្ចូលដូចជា hot dogs សាច់ជ្រូក ham និងសាច់ជ្រូកបីជាន់ជាដើម ។

៣. អាហារខ្លោច
ការចម្អិនអាហារក្នុងកម្រិតសីតុណ្ហភាពខ្ពស់ពេក ដូចជា ដុត ចៀន និងអាំងអាចនាំឲ្យមានការផលិតសារធាតុគ្រោះថ្នាក់មួយចំនួន ដូចជា heterocyclic amines (HA)និងAGEs។ នៅពេលដែលសារធាតុគ្រោះថ្នាក់ទាំងនេះកើនឡើងខ្លាំងជ្រុលអាចធ្វើឲ្យមានការរលាក និងអាចវិវត្តទៅជាជំងឺមហារីកនិង ជំងឺផ្សេងៗទៀត ។

ជាការណែនាំយើងគួរចម្អិតអាហារបរិភោគដោយវិធីចំហុយ ស្ល ឬស្ងោរជាជាង ប្រើវិធីដុតអាំង ឬ ចៀន ញឹកញាប់ពេក។ ក្រៅពីអាហារទាំងនេះ គ្នាយើងក៏គួរដឹងដែរថា ការជក់បារី និងការធាត់លើសទម្ងន់ ក៏ជាកត្តាបង្កឲ្យមានហានិភ័យខ្ពស់កើតជំងឺមហារីកផងដែរ៕