រាជធានីភ្នំពេញ ៖ អ្នកនិពន្ធបទភ្លេង និងជាអ្នកដឹកនាំសម្តែងនៅផលិតកម្មរស្មីហង្សមាសម្នាក់ទៀតហើយ គឺលោក ម៉ម មិថុនា បានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ក្នុងលទ្ធផលធ្វើសំណាកលើកទី២។

លោក ម៉ម មិថុនា បានប្រាប់ថា រូបលោកបានទទួលការធ្វើតេស្តលើកទី២ និងបានលទ្ធផលថា លោកមានវិជ្ជមានចំពោះកូវីដ-១៩ ក្នុង សមាជិកគ្រួសាររបស់លោកចំនួន៥នាក់ទៀត ក៏ត្រូវបានសង្ស័យថា មានវិជ្ជមានកូវីដ-១៩ផងដែរ ប៉ុន្តែមិនទាន់ទទួលលទ្ធផល។ នៅពេលនេះក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល កំពុងមកយកលោកនៅផ្ទះលេខ៣៤D ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទៅព្យាបាល។

លោក ម៉ម មិថុនា បានបញ្ជាក់បន្ថែមថា កន្លងមកលោកមិនធ្លាប់មានការជួបជុំ ឬក៏បានទៅជួបជាមួយនរណាទេ ពោលគឺចេញពីធ្វើការទៅផ្ទះ និងចេញពីផ្ទះមកធ្វើការធម្មតា ហើយលោកក៏មិនបានដឹងខ្លួនថា លោកបានឆ្លងជំងឺកូវីដ-១៩ នេះតាមរយៈណាដែរ៕