ដង្កូវដួងដូង គឺជាសត្វល្អិតដែលគេអាចបរិភោគបាន។ ដង្កូវដួងប្រភេទនេះមាននៅគ្រប់តំបន់នៃប្រទេសក្តៅ ដោយសារតែដង្កូវដួងដូងចូលចិត្តអាកាសធាតុក្តៅនិងសើម។ កាលពីមុន គេធ្លាប់ចាត់ទុកដង្កូវដួងនេះជាសត្វល្អិតបំផ្លាញដំណាំដូងប្រេង ដូងហូបផ្លែ ដើមជ្រែ(Metroxylon sagu) ដោយវាបន្តស៊ីដើមដូងនោះរហូតដល់ងាប់ដើម ហើយដង្កូវដួងដូងអាចបន្តពូជបានយ៉ាងឆាប់រហ័ស ដួងញី១ក្បាលអាចពងបានប្រហែល ៤០០ពងក្នុងរយៈពេលតិចជាង ២ខែ និងស៊ីបំផ្លាញពាសពេញដើមដូងទាំងមូល។

តែឥឡូវនេះដង្កូវដួងដូង បានក្លាយជាសត្វល្អិតឆ្ងាញ់ពិសារសម្រាប់មនុស្សលោកយើងទៅហើយ និងដែលជាមុខរបបរថ្មីអាចបង្កើតចំណូលដល់កសិករថៃយ៉ាងក្រាស់ក្រែលគួរសមទៀតផង ព្រោះវាមានរសជាតិឆ្ងាញ់ សំបូរទៅដោយសារធាតុប្រូតេអ៊ីន រហូតដល់ជនបរទេសចាត់ទុកវាជា Super Protein (ដែលមានអាហារូបត្ថម្ភខ្ពស់)។ បើតាមអ្នកដែលនិយមចូលចិត្ត គេអាចយកមកច្នៃជាមុខម្ហូបបានច្រើនមុខមិនចាញ់មុខម្ហូបប្រភេទសាច់ដទៃទៀតឡើយ។ នៅបរទេសគេយកទៅកិនម៉ត់ដាក់លាយជាមួយម្សៅដើម្បីធ្វើនំប៉័ង ដើម្បីជាការបង្កើនប្រូតេអ៊ីនបន្ថែមទៀតផង។

ដោយវដ្តជីវិតរបស់ដង្កូវដួងដូងខ្លីមានការលូតលាស់លឿន ទំងន់ធ្ងន់ លក់បានតម្លៃសមរម្យ បច្ចុប្បន្នមានកសិករថៃ បានងាកមកចិញ្ចឹមដួងដូងកាន់តែច្រើនឡើងៗ ដោយការចិញ្ចឹមតាមរបៀបបុរាណៗ គេគ្រាន់តែយកកាកកំទេចដើមជ្រែដាក់ចិញ្ចឹមក្នុងចានម៉ាងធំៗ នឹងអាស្រ័យទៅតាមប្រភេទអាហារដែលគេមាននៅតាមតំបន់ មានកសិករខ្លះគេចិញ្ចឹមជាកសិដ្ឋានធំៗតម្រូវការមានឧបករណ៍ថ្លៃៗនឹងស្មុកស្មាញ។ តែថ្ងៃនេះយើងនឹងនិយាយអំពីការចិញ្ចឹមនៅក្នុងអាងឬចានម៉ាងធំៗ ដែលអាចធ្វើបានងាយៗនៅតាមកន្លែងណាក៏អាចចិញ្ចឹមបានដែរ។

រីឯវិធីធ្វើចំណីសម្រាប់ការចិញ្ចឹម គឺគេកិនបំបែកដើមជ្រែជាបំណែកល្អិតៗ ត្រាំទឹក១យប់ បន្ទាប់មកយកមកលាយចំណីមាន់ យកពូជដង្កូវដួង ដូងឈ្មោលចំនួន ២ក្បាល ពូជញី ៣ក្បាល ដាក់ក្នុងចានម៉ាង កាត់ផ្លែចេកទុំជាបំណែកៗ១ផ្លែផង រោយកំទេចជ្រែគ្របលប់ពីលើតាមសមល្មម ដើម្បីឲ្យដង្កូវដួងរើបម្រាស់ខ្លួនបាន រៀងរាល់២សប្តាហ៍ផ្តល់ចំណីម្តង លុះគ្រប់៤៥ថ្ងៃ អាចយកទៅលក់បានហើយ ដែលផលជាមធ្យមក្នុង១ចានម៉ាងខ្នាត១ម៉ែត្រ ប្រមាណ ៥០០-៧០០ក្រាម។

ភាគច្រើនកសិករគេលក់ដង្កូវដួងដូងស្រស់ តែប្រសិនបើគេចំណាយពេលលាងសម្អាតបន្តិច យកទៅក្លាសេទឹកកក នឹងរឹតតែមានគុណភាពខ្ពស់ថែមទៀតដែលអាចរក្សាទុកបានយូរ និងអាចលក់ទៅក្រៅប្រទេសរឹតតែកើនតម្លៃថែមទៀតផង៕