ព្រះអង្គដងទង់ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ស្គាល់ និងតែងហៅ”ព្រះអង្គដងកើ” ស្ថិតនៅខាងមុខព្រះបរមរាជវាំងនោះ គឺជាទីស្ថានគោរពសក្ការៈតាមបែបជំនឿ ហើយដែលពលរដ្ឋ រាប់ដល់នាម៉ឺនសព្វមុខមន្រ្តីគ្រប់ជាន់ថ្នាក់ តែងទៅអុជធូបបន់ស្រន់សុំសេចក្តីសុខសប្បាយរកស៊ីមានបាន ឡើងយសស័ក្តិ និងតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ ។

តែចាប់តាំងពីមេរោគកូវីដ១៩ បានរីករាលដាលនៅកម្ពុជា ពិសេសការរីករាលដាលធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនោះមក ពលរដ្ឋខ្មែរដែលគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺបានផ្អាកការទៅបន់ស្រន់ នាំដល់ការបាត់បង់ប្រាក់ចំណូលរបស់តាអាចារ្យនៅព្រះអង្គដងកើនោះផងដែរ ។

ដោយនិយាយសុំមិនឲ្យបញ្ចេញឈ្មោះ តាអាចារ្យមួយរូបបានប្រាប់ឲ្យដឹងថា នៅមុនកូវីដ១៩មិនទាន់កើតមាននៅកម្ពុជា គាត់អាចរកប្រាក់ចំណូលពីទឹកចិត្តនិងសទ្ធារបស់ពលរដ្ឋដែលមកអុជធូបបន់ស្រន់ប្រមាណ៤ទៅ៥ម៉ឺនរៀលក្នុងមួយថ្ងៃៗហើយក៍មានថ្ងៃខ្លះបានលើសហ្នឹងផងដែរ ប៉ុន្តែចាប់តាំងពីកូវីដ១៩កើតឡើង ចំណូលសម្រាប់យកទៅផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានធ្លាក់ចុះ ហើយធ្លាក់ចុះខ្លាំងបំផុតគឺនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះតែម្តង ។

តាមការកត់សម្គាល់ ស្ថានភាពនៅកម្ពុជាពេលនេះ មិនមែនមានតែតាអាចារ្យនៅព្រះអង្គដងកើនោះទេដែលធ្លាក់ចំណូល គឺពលរដ្ឋខ្មែរទូទៅ ពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាប់តាំងពីអ្នកលក់ប៉េតប៉ោងនៅមុខព្រះបរមរាជវាំង ក៍បាត់ចំណូលផងដែរ ។

ក្រុមសេដ្ឋវិទូមួយចំនួនបានលើកឡើងថា ប្រសិនបើស្ថានភាពកូវីដ១៩ បន្តអូសបន្លាយពេលយូរតទៅទៀត នោះជីវភាពពលរដ្ឋខ្មែរដែលស្ថិតក្នុងចង្កោមប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត បើទោះបីជារាជរដ្ឋាភិបាលមានខ្ទង់ចំណាយសម្រាប់ជួយដល់អ្នករកស៊ីប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះក្តី ៕