ពិតណាស់ស្រមោចជាសត្វដែលមានសាមគ្គីភាពនឹងគ្នាណាស់ តែយើងពិតជាឆ្ងល់ថាអ្នកដឹកនាំនិងស្រមោចមានទំនងទំនាក់គ្នាយ៉ាងដូចម្ដេចបានជានាំឱ្យយើងជាអ្នកដឹកនាំត្រូវមកទាញមេរៀនអំពីសត្វស្រមោច៖

១. ស្រមោចធ្វើការជាក្រុម៖ ហេតុនេះយើងត្រូវតែបង្កើតក្រុមមួយដែលសុទ្ធសឹងជាមនុស្សមានជំនាញវិជ្ជាជីវៈច្បាសលាស់។
២. ស្រមោចនីមួយសុទ្ធតែទុកចិត្តគ្នាទៅវិញទៅមក៖ អ៊ីចឹងធ្វើឲ្យយើងនឹកឃើញថា ការឲ្យគេធ្វើការដោយឯករាជ្យ ស្វ័យម្ចាស់ការលើការងារ គឺជាគន្លឹះសម្រាប់ធានាគុណភាព។

៣. ស្រមោចជាសត្វដែលមានចិត្តទូលាយមិនចង្អៀតចង្អល់ ដោយហេតុថាពេលនរណាមួយឃើញចំណី គេទៅប្រាប់ និងបបួលមិត្តភក្តិដែលនៅតាមផ្លូវ ឲ្យជួយមកយកចំណីនោះ ។ ហេតុនេះ ហេតុអ្វីយើងមិនចែករំលែកឱកាស(ជំនួញ) ដែលយើងឃើញ ជាមួយមនុស្សដែលមានទស្សនៈស្រដៀងខ្ញុំដើម្បីបង្កើតឱកាសនិងទាញវាទុកឲ្យបានកាន់តែធំ និងឆាប់រហ័ស?

៤. ស្រមោចជាសត្វដែលមិនរើសអើងរាប់អានគ្នាជាដៃគូស្មើមុខស្មើមាត់មិនប្រកាន់មាឌតូចមាឌធំ ហើយប្រកាន់ខ្ជាប់ មិនទម្លាក់ចោលដោយងាយនូវទស្សនៈ និងទម្លាប់គិតថាការងារដែលខ្លួនធ្វើ ជាការងារដែលត្រូវធ្វើឲ្យបានល្អបំផុតក្នុងជំនាញ ដើម្បីគម្រោងទាំងមូលជោគជ័យ។ រឿងកាន់តែវិសេសគឺថាសមាជិកម្នាក់ៗ មានការបែងចែងការឲ្យកាន់ច្បាស់លាស់ ឈលើមូលដ្ឋានសមត្ថភាពរៀងៗខ្លួន។

៥. ស្រមោចជាសត្វប្រយ័ត្នប្រយែងខ្ពស់ ហើយធ្វើការដោយយកការផ្ចង់ចិត្តតជាត្រីវិស័យ។ អ្វីដែលអស្ចារ្យគឺថាក្រុមទាំងអស់ត្រូវខិតខំព្យាយាមធ្វើការឲ្យអស់លទ្ធភាព បើទោះបីពេលខ្លះមិនអាចលឿនដូចគ្រោងទុក តែត្រូវតែបន្តព្យាយាមប្រឹងប្រែង ព្រោះពួកគេចាត់ទុកថា គោលដៅ គ្រាន់តែតម្រុយសម្រាប់ឲ្យចិត្តយើងផ្ចង់ទៅ សម្រាប់ធ្វើឲ្យអារម្មណ៍យើងមូលមិនសំប៉ែត។

៦. ស្រមោចជាសត្វនិយមការចាប់ការជាក្រុមៗ ផ្គុំម្តងបែបនេះ ម្តងបែបនោះ ទាញម្តងទៅនេះទាញម្តងទៅនោះ លុះតែការងារចង់ធ្វើ សម្រេចបានជោគជ័យ។

៧. ស្រមោចជាសត្វរស់ជាសហគម ជាសង្គម ហើយប្រកាន់យកការសម្រេចចិត្តជាសមូហភាព(សមូហភាពដឹកនាំ) ហើយពឹងលើគ្នាទៅវិញទៅមកដើម្បីរស់ និងរួចស្លាប់។ វារស់នៅរបៀបជាកងពលៗ, ឧស្សាហ៍ព្យាយាម ប្រឹងប្រែង ពុះពារ ប្រយ័ត្នប្រយែង តែមានវិន័យច្បាស់លាស់តឹងរ៉ឹងហ្មត់ចត់ សមជាការដឹកនាំប្រកបដោយគតិបណ្ឌិត។

ទាញចេញពីមេរៀនខាងលើ សម្រាប់អាជីវកម្មតូចមធ្យម អ្នកអាចនិយាយបានថា អ្នកនឹងកាន់តែជោគជ័យថែមទៀត បើអ្នកទុកចិត្តបុគ្គលិកអ្នក ហើយឲ្យគាត់មានឱកាសចូលរួមក្នុងការរៀបចំកសាងអភិវឌ្ឍអង្គភាព សង្វាក់ផលិតកម្មអាជីវកម្មរបស់អ្នក៕