រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ របស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែការគោរពប្រតិបត្តិលើសាសនាដែលមានពលរដ្ឋខ្មែរប្រមាណ៩០% ប្រកាន់យកនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនមើលឃើញថា ហាក់នៅមានការគោរពមិនទាន់បានពេញលេញល្អនៅឡើយ ។

ដោយមិននិយាយដល់ការគោរពប្រតិបត្តិព្រះសង្ឃ និងតួអង្គព្រះសង្ឃផ្ទាល់  KBN News សូមលើកយកតែករណីរូបចម្លាក់ព្រះពុទ្ធរូប ដែលពលរដ្ឋខ្លះចង់ឲ្យក្រសួងវប្បធ៏មនិងវិចិត្រសិល្បៈស្រាវជ្រាវសិក្សាអំពីទម្រង់នៃព្រះភ័ក្រ្តរបស់ព្រះពុទ្ធ និងដាក់ចេញជាគោលការណ៍ឲ្យមានការឆ្លាក់ទម្រង់ព្រះភ័ក្រ្តឲ្យដូចៗគ្នា ជៀសវាងការយល់ច្រឡំ និងការរិះគន់ពីសំណាក់ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋអ្នកប្រតិបត្តិគោរពព្រះពុទ្ធសាសនាខ្ជាប់ខ្ជួន ។

ការលើកឡើងរបស់ប្រជាពុទ្ធបរិស័ទមួយចំនួនខាងលើនេះ ក៍ព្រោះតែពួកគេកត់សម្គាល់ឃើញ រូបចម្លាក់ព្រះពុទ្ធរូបខ្លះ ព្រះភ័ក្រ្តព្រះពុទ្ធ ត្រូវបានអ្នកបញ្ជាធ្វើ បង្គាប់ឲ្យជាងចម្លាក់ឆ្លាក់ទៅតាមគេចង់បាន និងព្រះភ័ក្រ្តមានទម្រង់ខុសៗគ្នា ខ្លះស្រដៀងទៅនឹងព្រះពុទ្ធរូបដែលគោរពដោយជាតិសាសន៍ដទៃ ដូចជាវៀតណាម ឬ ចិនជាដើម ។

ជុំវិញការលើកឡើងខាងលើនេះ KBN News មិនអាចរកការដអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យក្រសួងវប្បធម៏និងវិចិត្រសិល្បៈ ក៍ដូចជាមន្រ្តីជំនាញពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជានៅវេលាម៉ោងជិត១រសៀលថ្ងៃទី១៣ មីនា ២០២១នេះ ៕