សត្វមូសបាននិងកំពុងរាតត្បាតជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ បង្កការព្រួយបារម្ភចំពោះជំងឺគ្រុនឈាម ដែលជាប្រភេទជំងឺដ៍កាចសាហាវនិងបានសម្លាប់កុមារនិងពលរដ្ឋខ្មែរជាច្រើនក្នុងមួយឆ្នាំៗ ។

បើតាមប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងខណ្ឌដង្កោ មានជ័យ ប្ញស្សីកែវ ពោធិ៍សែនជ័យ កំបូល សែនសុខ និងខណ្ឌព្រែកព្នៅ បាននិយាយប្រាប់ KBN News ឲ្យដឹងថា សត្វមូសបានកើតមានច្រើន ជាពិសេសប៉ុន្មានថ្ងៃចុងក្រោយក្នុងសប្តាហ៍នេះ បង្កការរំខាន ការកើតមានជំងឺរមាស់ និងក្តីបារម្ភចំពោះក្មេងៗពីការកើតជំងឺគ្រុនឈាម ។

ប្រជាពលរដ្ឋដែលនិយាយក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះបានបន្តថា មូសបានរំខានគាត់ដេកពួន ទទួលទានបាយមិនបាន ។ លោកស្រីថា សម្រាប់អ្នកមានមិនជាបញ្ហាប៉ុន្មាននោះទេ ព្រោះអ្នកមានគេដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងមានសម្ភារឧបករណ៍ប្រឆាំងមូស តែសម្រាប់គាត់ បើមូសច្រើនម្លឹងៗ គាត់នឹងទិញនិងថែមដើម្បីទិកចងការពារពេលហូបបាយមិនថាយប់ ឬថ្ងៃទេ ។

ជុំវិញព័ត៏មានពីការកើតមានសត្វមូសច្រើនខាងលើនេះ នៅម៉ោង៩ព្រឹកថ្ងៃទី១៣ មីនា ២០២១នេះ KBN News មិនអាចរកការដអត្ថាធិប្បាយបានទេពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ។

ជាការកត់សម្គាល់ សត្វមូសកើតច្រើននេះ គឺអំឡុងពេលដែលរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ក៍ដូចជាពលរដ្ឋកំពុងជាប់ដៃប្រយុទ្អប្រឆាំងមេរោគកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ប្រជាពលរដ្ឋក្រីក្រមួយចំនួន បានសំណូមពរឲ្យក្រសួងសុខាភិបាលបាញ់ថ្នាំការពារមូស បើមិនដូច្នោះ ពួកគាត់នឹងកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរមិនខាន ណាមួយប្រាក់ចំណូលប្រចាំថ្ងៃធ្លាក់ចុះ និងក្តីបារម្ភពីជំងឺកំណាចកូវីដ១៩នោះថែមទៀត ៕