កូវីដវាយលុកខ្លាំងបែបនេះ មិនគួរចេញទៅណាទេ គួរតែនៅផ្ទះរៀនចម្អិនម្ហូបដោយខ្លួនឯង បានទាំងគុណភាព និងអនាម័យ។ ហូបដោយមានភាពជឿជាក់ព្រោះយើងធ្វើដោយផ្ទាល់ដៃ។ ជាក់ស្ដែង ថ្ងៃនេះយើងនឹងណែនាំមុខម្ហូបថ្មីមួយទៀតហើយសម្រាប់អ្នកទាំងអស់គ្នា។ កុំឱ្យខាតពេលយូរ តស់! មករៀនធ្វើឆាឆ្អឹងជំនីរជ្រូកទាំងអស់គ្នា។

១. គ្រឿងផ្សំ៖
• ឆ្អឹងជំនីខ្ចី ៣០០ក្រាម
• ទឹកត្រី ១/២ ស្លាបព្រា
• ម្សៅស៊ុបបន្តិច
• ស្ករស1/2 ស្លាបព្រា
• ប៉េងប៉ោះទុំ
• ម្នាស់
• ប្រេងឆា
• ម្សៅបំពង៥ស្លាបព្រា
• អំបិលបន្តិច
• ទឹកប៉េងប៉ោះ៩ស្លាបព្រា
• ម្សៅឆា១ស្លាបព្រា
• ខ្ទឹមបារាំង
• ស្លឹកវ៉ាន់ស៊ុយ

២. វិធីធ្វើ
ដំបូងយកកូនចានដាក់ម្សៅលាយទឹកអោយខាប់ ឆ្អឹងកាត់ដុំៗ យកមកជ្រលក់នឹងចានម្សៅសិន យកទៅបំពងក្នុងខ្ទះដែលកំពុងតែក្តៅអោយក្រហម សឹមស្រង់ដាក់ចាន។ រួចយកប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំងហាន់បណ្តោយជាបន្ទះប៉ុនម្រាមដៃម្នាស់ហាន់ប៉ុនម្រាមដៃ។ យកទឹកមួយចានចង្កឹះ ចាក់ទឹកត្រី អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នាកូរអោយសព្វ ភ្លក្សមើលអោយដឹងជូរផ្អែម ប្រៃល្មមស្មើគ្នា។ លាងខ្ទះអោយស្អាតចាក់ខ្លាញចូលអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំអោយឈ្ងុយ ចាក់បន្លែទាំងប៉ុន្មានមុខចូលឆា ទើបចាក់ទឹកម្សៅឆាដែលលាយទឹករួចហើយនោះ មកលើបន្លែឆាអោយឆ្អិនល្មមសឹមចាក់ឆ្អឹងជំនីបំពងនោះចូលជាក្រាយ។ ឆាមួយភ្លែត ដួសដាក់ចានរោយស្លេកវ៉ាន់ស៊ុយពីលើ ជាការស្រេច៕