ភ្នំពេញ ៖ តារាសម្តែងស្រីដែលធ្លាប់មានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងវិស័យភាពយន្តខ្មែរ អ្នកនាង សឿ សុធារ៉ា ធ្លាប់បាត់មុខពីវិថីសិល្បៈអស់មួយរយៈធំក្រោយនាងបានរៀបការ មានកូនរួចមក។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ តារាស្រីខាងលើក៏បានចេញមុខមកប្រកាសជាសាធារណៈម្ដងទៀតពីការចេញមុខមកចូលរួមសម្តែងនៅក្នុងវិស័យសិល្បៈសារជាថ្មី ដោយនាងបានបញ្ជាក់ថានាងពេញចិត្តនឹងសម្តែងជាតួអង្គអ្វីក៏បានតាមតែអ្នកដឹកនាំរឿងតម្រូវឲ្យតែប៉ុណ្ណោះ។

ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការសង្ស័យជានេះទៅទៀតនោះគឺគេសង្កេតឃើញ សឿ សុធារ៉ា ហាក់ដូចជាមិនបង្ហាញសកម្មភាពល្អូកល្អឺនជាមួយនឹងស្វាមីដូចកាលពីមុនទៀតនោះទេ ក្រោយពេលដែលនាងបានប្រកាសថានឹងចូលសម្តែងសារជាថ្មីម្ដងទៀតនោះ ខណៈគេសង្កេតឃើញថានាងបានលុបរូបភាពស្វាមីរបស់ខ្លួនគឺលោក សាពូន មីដាដា ចេញពីគណនីហ្វេសប៊ុកទាំងអស់តែម្ដង។

បើទោះបីជាមានផ្ទុះកាសង្ស័យថាប្ដីប្រពន្ធអ្នកទាំងពីរប្រហែលអាចនឹងឈានដល់ការបែកបាក់យ៉ាងនេះក្ដី គេនៅមិនទាន់ឃើញមានការបកស្រាយណាមួយពីសំណាក់តារាស្រីខាងលើនេះនៅឡើយ ខណៈមួយរយៈក្រោយនេះគេសង្កេតឃើញថា សឿ សុធារ៉ា កាន់តែមមាញឹកនឹងសិល្បៈឡើងវិញ៕