សម្រាប់ស្ត្រីដែលមកខែរដូវ ជាទៀងទាត់អាការៈដែលអាចទុកចិត្តបាននិងដំបូងបំផុតនៃការមាន ផ្ទៃពោះដែលស្ត្រីប្រភេទនេះអាចមាននោះ គឺបាត់រដូវ។ ពេលខ្លះ ស្ត្រីដែលមានផ្ទៃពោះនៅតែអាចមានធ្លាក់ ឈាមរដូវរឹមៗតិចបំផុតដែរ ។ ស្ត្រីម្នាក់ៗអាចនឹងមានអាការៈ និងលក្ខណៈសម្គាល់ខុសគ្នាទាំងអស់ប៉ុន្តែ រោគសញ្ញា នៃការមានផ្ទៃពោះញឹកញាប់មួយចំនួនទៀតមានដូចជា៖

១. មានអារម្មណ៍ថាមិនស្រួលខ្លួន និងក្អួត៖ អ្នកប្រហែលជាមានអារម្មណ៍ថា ខ្លួនឯងមានជំងឺ និងចង្អោ រហូតដល់ក្អួតទៀតផង។ ករណីបែបនេះ ត្រូវបានគេស្គាល់ថា ជាអាការៈចាញ់កូនប៉ុន្តែវាអាចកើតឡើង គ្រប់ពេលទាំងថ្ងៃ ឬយប់។ បើសិន ជាអ្នកយល់ថាខ្លួនឯងមិនស្រួលខ្លួនគ្រប់ពេលហើយមិនអាចដោះស្រាយបានទេនោះចូរទាក់ទងគ្រូពេទ្យដើម្បីជួយទៅ។

២. មានអារម្មណ៍ថា អស់កម្លាំងបំផុតវាគឺជារឿងមួយកើតឡើងជាញឹកញាប់ណាស់ដែលនឹងមាន អារម្មណ៍ថាអស់កម្លាំងក្នុងពេលមានផ្ទៃពោះជាពិសេសនៅរយៈពេល១២ សប្តាហ៍ដំបូងតែម្តង។ ការប្រែប្រួលអ័រម៉ូន ក្នុងដំណាក់កាលនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង ចង្អោរ ពិបាកចិត្ត។

៣. ប្រែប្រួលសុដន់៖ សុដន់អ្នកអាចនឹងទៅជាធំជាងមុន និងតឹងឈឺជាងមុន ដូចកាលពេលមុនពេលមក រដូវដែរ។ អាការៈឈឺឈៀបៗក៏អាចកើតមានដែរ។ សរសៃវ៉ែននៅក្រោមស្បែកអាចនឹងមើលឃើញកាន់តែច្បាស់ហើយក្បាលសុដន់អាចទៅជាខ្មៅជាងមុនដែរ។

៤. នោមញឹក៖ អ្នកប្រហែលជាមានអារម្មណ៍ថា ត្រូវការនោមញឹកញាប់ជាងធម្មតារួមទាំងនៅពេលយប់ ដែរ។
អាការៈផ្សេងៗទៀតដែលអាចគិតថា មានផ្ទៃពោះដែរនោះមានដូចជា ៖
•ទល់លាមក
•ហូរទឹករំអិលពីក្នុងទ្វារមាសកាន់តែច្រើន តែគ្មានការឈឺចាប់ ឬរលាកអ្វីទេ
•មានអារម្មណ៍ថាក្នុងមាត់មានរសជាតិប្លែក ( រសជាតិដូចដែក )
•ឃ្លានអាហារថ្មីៗ
•លែងចាប់អារម្មណ៍អាហារ ឬភេសជ្ជៈដែលធ្លាប់តែញ៉ាំ ឬចូលចិត្តពីមុន
•ចាញ់ក្លិនណាដែលឈួលខ្លាំង៕