ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ផឹកស៊ីស្រវឹង មិនព្រមចូលដេក ហើយបង្កហិង្សា រហូតឪពុកក្មេកអត់ទ្រាំពុំបាន ក៏ស្ទុះទៅទាញដែកចុងស្រួចបាន ចាក់ប្រហារមកលើកូនប្រសា បណ្ដាលឲ្យ​បាត់បង់ជីវិត ហើយរត់គេចខ្លួនបាត់ កាលពីវេលាម៉ោងជា១១ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចអូរឈើទាល ស្ថិតក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុង​ស្ទឹងត្រែង។

មន្រ្ដីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ចាន់ ឆាយរ៉ាវណ្ណ: អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិកាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ុន្ដែគេបានមករកស៊ី និងយកប្រពន្ធ ហើយរស់នៅជាមួយឪពុកក្មេក នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។ រីឯ​ជនដៃដល់ជាឪពុកក្មេក ឈ្មោះ ឆាន់ ជឿន មានវ័យចំណាស់ហើយ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានអំពើហិង្សា រហូតក្លាយជាឃាតកម្មនោះ ជនរងគ្រោះទើបនឹងត្រឡប់ចេញមកពីផឹកស៊ីនៅខាងក្រៅផ្ទះ ហើយត្រូវបានជនសង័្សយជាឪពុកក្មេក​ស្តីបន្ទោសឲ្យបន្តិចបន្តួច។ ដោយសារតែបញ្ហានេះ បានធ្វើឲ្យជនរងគ្រោះជាកូនប្រសាខឹងសម្បា  ក៏បង្កឲ្យមានការទាស់ពាក្យសម្ដីនឹងគ្នា រហូតឈានដល់ការប្រតាយប្រតប់គ្នា។ ឃើញបែបនេះ​អ្នកផឹកស៊ីជាមួយឪពុកក្មេកបានចូលឃាត់ តែឃាត់មិនឈ្នះ ហើយកូនប្រសាចេះតែបន្ដចង់វាយតប់ និងយកឈ្នះចាញ់លើឪពុកក្មេក។

ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថិតក្នុងស្ថានភាពហិង្សានោះ ជនរងគ្រោះជាកូនប្រសា បានស្ទុះទៅទាញដំបង បម្រុងវាយប្រហារទៅលើជនសង័្សយជាឪពុកក្មេក ទើបកាត់ទាញកាំបិតសម្រាប់ការពារខ្លួន។ ភ្លាមៗនោះអ្នកជិតខាងបានស្ទុះចូលទៅឃាត់ និងចាប់យកកាំបិត ហើយដំបងចេញពីពួកគេទាំង២នាក់។​ ប៉ុន្ដែកូនប្រសានៅព្រមនៅស្ងៀម នៅតែបន្ដរករឿងទៅលើឪពុកក្មេក ហើយ​ចេះតែកញ្ជ្រោ ​ស្ទុះទៅរករឿងឪពុកក្មេកម្ដងជាពីរដង រហូតឪពុកក្មេកទ្រាំមិនបាន ក៏ទាញយកវត្ថុរឹងមុតស្រួច​ ចាក់ទៅលើកូនប្រសា ដែលកំពុង​ស្ទុះមកវាយគាត់ បណ្ដាលឲ្យមុតជាច្រើនកន្លែងរងរបួសធ្ងន់ ហើយស្លាប់ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកជនដៃដល់ជាឪពុកក្មេក បានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពរួច​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចហើយធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង័្សយ កំពុងស្ថិតក្នុងការតាមចាប់ខ្លួនរបស់សមត្ថកិច្ច៕