ភ្នំពេញ ៖ កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្រ្តីម្នាក់ហ៊ានលួចលុយចំនួន ១២០០០ដុល្លារសហរដ្ឋអាមេរិករបស់លោកស្រី ទ្រី ដាណា ខណៈដែលរស់នៅជាមួយគ្នាក្នុងហាងនោះ ត្រូវបានចាប់ប្រគល់ឲ្យកងកម្លាំងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ។

បើតាមប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានបញ្ជាក់ថា កម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកររស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងជនរងគ្រោះលោកស្រីទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្កាទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យ៉ាងណាមិញ ប្រភពខាងលើបានបន្ថែមថា បន្ទាប់ពីទទួលជនសង្ស័យហើយ និងយកមកធ្វើការសាកសួរ ខណៈនៅនឹងមុខសមត្ថកិច្ចជនសង្ស័យខាងលើក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចលុយចំនួន ១២០០០ដុល្លារ របស់លោកស្រី ទ្រី ដាណា ពិតប្រាកដមែន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕