ប៉ុន្មានអាណត្តិចុងក្រោយនេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំប្រែងខ្លាំងណាស់ក្នុងការកែទម្រង់គ្រប់វិស័យ ដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនមកដល់ពេលនេះ ។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត មជ្ឈដ្ឋាននិងប្រជាពលរដ្ឋមួយចំនួនបានកត់សម្គាល់ឃើញថា មន្រ្តីថ្នាក់ក្រោមនៅស្ថាប័ន ឬអង្គភាពមួយចំនួនតូច បានអនុវត្តតួនាទី និងភារកិច្វរបស់ខ្លួន នៅមានការចន្លោះប្រហោង មួយចំនួនតូចស្ពឹកស្រពន់ និងខ្លះជាមន្រ្តីជើង១០..ជាដើម ។

ជាក់ស្តែង ករណីរឹតបន្តឹងនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ អ្នកតាមដានសង្គម និងប្រជាពលរដ្ខមួយចំនួនបានកត់ សម្គាល់ឃើញថា អាជ្ញាធរនិងសមត្ថកិច្ចតាមព្រំដែនមួយចំនួនតូច មិនបានបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានគត់មត់ បណ្តាលឲ្យមានពលករមួយចំនួនលួចឆ្លងដែនដោយមិនបានធ្វើចត្តាឡីស័ក នាំដល់ការចម្លងកូវីដ១៩ផងដែរ ។

ប៉ុន្តែចាប់តាំងពីសម្តេចតេជោនាយករដ្ឋមន្រ្តីដាក់ចេញបទបញ្ជា និងវិធានការក្តៅកាលពីដើមខែកុម្ភៈកន្លងមក និងអធិការស្រុកកំរៀង ខេត្តបាត់ដំបងរបូតតំណែងនិងកំពុងជាប់ឃុំពីបទពុករលួយឃុបឃិតឲ្យមេខ្យល់នាំពលករចេញចូលឆ្លងដែននោះរួចមក គេឃើញមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចតាមព្រំដែនមួយចំនួនប្រឹងប្រឹងបំពេញកាតព្វកិច្ច ឬភាសាអ្នកស៊ីត្រាវថា”ត្រង់កន្ទុយ” ។

តាមរយៈការគោរពនិងអនុវត្តបទបញ្ជារបស់សម្តេចតេជោនោះរួចមក តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា មានមេខ្យល់នាំពលករចេញចូលឆ្លងដែនជាង១០០នាក់ហើយគិតត្រឹមថ្ងៃត្រង់ថ្ងៃទី០៣ មីនា ២០២១ ត្រូវបានបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ។

ក្រុមអ្នកស៊ីត្រាវមួយចំនួនតូចបាននិយាយនៅតាមតៀមកាហ្វេក្បែរចិញ្ចើមថ្នល់ថា បើសិនសម្តេចតេជោ ហ៊ុន សែន មិនដាក់ចេញវិធានការ ឬ បទបញ្ជាក្តៅរហូតធ្វើឲ្យមន្រ្តីខ្លះរបូតកៅអីទេ ទំនងជាមេខ្យល់ជាង១០០នាក់ ដែលនឹងឡើងវង់ក្រចកនាពេលខាងមុខ អាចបង្កព្យុះភ្លៀងតាមព្រំដែន ហើយការឆ្លងរីករាកដាលមេរោគកូវីដ១៩ ប្រហែលជាជៀសមិនផុត និងនាំដល់អន្តរាយដល់ជាតិទាំងមូលក៍ថាបាន ។

តាមរយៈសកម្មភាព និង លទ្ធផលខាងលើ មជ្ឈដ្ឋាននិងប្រជាពលរដ្ឋជាច្រើនបានទះដៃសាទរចំពោះស្នាដៃខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់តាមព្រំដែនក្នុងការស្រាវជ្រាវឈានទៅឃាត់ខ្លួនមេខ្យល់ជាង១០០នាក់ បញ្ជូនទៅតុលាការ ។

យ៉ាងណា ក្រុមអ្នកតាមដានសង្គមមួយចំនួនតូច ក៍បានសំណូមពរដល់មន្រ្តីចំណុះរាជរដ្ឋាភិបាលមួយចំនួនតូចដែលស្ពឹកស្រពន់ភ្ញាក់រឮក អនុវត្តន៍តួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពវិជ្ជាជីវៈ មានមនសិការការងារខ្ពស់ កុំចាំបាច់ទាល់តែនាយករដ្ឋមន្រ្តីស្រែកបានស្ទុះស្ទារ កុំធ្វើបាបសម្តេចតេជោ ហ៊ុន សែន លោករវល់និងលំបាកពេកហើយ