អ្វីដែលស្ត្រីមានផ្ទៃពោះត្រូវធ្វើ និងបារម្ភបំផុតគឺរក្សាសុខភាពថែទាំគភ៌ឲ្យសុខភាពល្អ ជាពិសេស រឿងញ៉ាំ។ ទឹកដូងជាជម្រើសល្អមួយដែលមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់អ្នកម្ដាយកំពុងពពោះ។ ទឹកដូងមានអីខ្លះ? ល្អប៉ុណ្ណា?

១– បញ្ចុះទឹកនោមបានយ៉ាងល្អ
ក្នុងទឹកដូងសម្បូរ រ៉ែ ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម និងផូស្វរ។ នាទីសំខាន់របស់សមាសធាតុ សំខាន់ៗ ទាំងនេះគឺ ច្រោះទឹកនោម។ តួនាទីផ្សេងទៀតគឺ ជួយរក្សាស្ថិរភាពជាតិអាស៊ីដអ៊ុយរិច ក្នុងឈាមកាត់បន្ថយការកើតគ្រួសក្នុងតម្រងនោម និងបង្ការរោគក្នុងបង្ហួរនោម។

២– សារធាតុរ៉ែសំខាន់ៗ
អាការៈចាញ់កូនមួយចំនួនដូចជា ក្អួតចង្អោរ រាក អាចបង្កឲ្យបាត់បង់ជាតិទឹក និងរ៉ែសំខាន់ៗក្នុង ខ្លួន។ ទឹកដូងនៅក្នុងខ្លួនយើងសម្បូររ៉ែ មានប្រយោជន៍ដែលអាចជួយទ្រទ្រង់រាងកាយជួយរក្សាលំនឹង pH ក្នុងឈាម និងពង្រឹងចលនាសាច់ដុំ និងសម្រួលពេលយើងមានអាការៈគ្រុនក្ដៅដែរ។

៣– ផ្ដល់ថាមពលនិងរក្សាគីឡូបានល្អ
ទឹកដូងជាប្រភពថាមពល ដែលមានកាឡូរីតិចជួយកុំឲ្យធាត់ និងមានអត្ថប្រយោជន៍ជាច្រើន ដោយសារ វាផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីប្រឆាំងបញ្ហាខ្វះជាតិទឹកក្នុងខ្លួន និងធ្វើឲ្យស្បែកភ្លឺថ្លា។

៤– ជួយការលូតលាស់ទារកនិងលំនឹងទឹកភ្លោះបានល្អ
មិនត្រឹមតែជួយម្ដាយប៉ុណ្ណោះទេ ទារកក៏ទទួលសារធាតុចិញ្ចឹមទាំងនេះដូចគ្នា។ ញ៉ាំដូងច្រើនអាច ជួយដល់ការលូតលាស់កូនក្នុងពោះ និងរក្សាលំនឹងផលិតទឹកភ្លោះក្នុងកម្រិតល្អសម្រាប់ទារកក្នុងផ្ទៃ៕