កង្វះជាតិស្ករ ជាបញ្ហាសុខភាពមួយដែលមនុស្សជាច្រើនបានជួបប្រទះ។ ជាទូទៅ កង្វះជាស្ករស្ដែងចេញពីកម្រិត ជាតិស្ករ នៅក្រោម ៧០ មីលីក្រាម ក្នុង ១ មីលី លីត្រឈាម ខណៈដែលជាតិស្កររបស់មនុស្សធម្មតាស្ថិតនៅចន្លោះ ពី ៧០ ទៅ ១២០ មីលីក្រាម ក្នុង ១ មីលីលីត្រ ឈាម។ ចំពោះអ្នកដែលខ្វះជាតិស្ករធ្ងន់ធ្ងរ អាចបណ្ដាលមកពីពេល ពួកគេ ប៉ះពាល់នឹងជាតិពុលអ្វីមួយ។ ថ្វីត្បិតតែវាមិនមែនជាបញ្ហាធ្ងន់ធ្ងរក៏ដោយ តែយើងក៏ត្រូវតែព្យាបាលវាឱ្យបានទាន់ពេលវេលាផងដែរ ចៀសវាងកើតមានបញ្ហាធ្ងន់ធ្ងរនៅថ្ងៃក្រោយ។

១- រោគសញ្ញា
– បែកញើសស្អិតៗ
– វិលមុខ
– ឈឺក្បាលតិចៗ
– ងងុយដេក និង ខ្សោយ
– ស្បែកស្លេកស្លាំង
– អស់កម្លាំង
– ថប់អារម្មណ៍នៅមិនសុខក្នុងខ្លួន
– ញ័រដើមទ្រូង
– ឃ្លាន

ក្នុងករណីកង្វះជាតិស្ករក្នុងឈាមធ្ងន់ធ្ងរ រោគសញ្ញាគឺ៖
– វង្វេងវង្វាន់
– ព្រិលភ្នែក
– សន្លប់

២- មូលហេតុធ្វើឱ្យខ្វះជាតិស្ករក្នុងឈាម
– ទទួលទានអាហារក្នុងបរិមាណតិចតួច
– ប្រើប្រាស់ ថ្នាំព្យាបាល ជំងឺទឹកនោមផ្អែម ឬចាក់អាំងស៊ុយលីនច្រើនជ្រុល
– ធ្វើលំហាត់ប្រាណខ្លាំងពេក ឬរាងកាយបញ្ចេញនូវសកម្មភាពជ្រុល
– ទទួលទានគ្រឿងស្រវឹងលើសកម្រិត

បញ្ជាក់បន្ថែមពីលើនេះដែរ ក្នុងវិស័យវេជ្ជសាស្រ្តនាពេលបច្ចុប្បន្ន គេកត់សម្គាល់ឃើញថា មូលហេតុចម្បងដែលធ្វើឱ្យខ្វះជាតិស្ករក្នុងឈាមគឺ អ្នកជំងឺទឹកនោមផ្អែមដែលកំពុងតែព្យាបាលជំងឺទឹកនោមផ្អែម ពីព្រោះពួកគេត្រូវតមផ្អែម និងប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម៕