អង្គែស្បែកក្បាលមាន ២ ប្រភេទគឺ មួយកើតឡើងដោយសារ ការផលិតជាតិប្រេងច្រើនលើស និង ភាពស្ងួតពេកនៃស្បែកក្បាល។ ទោះជា យ៉ាងណាបញ្ហាអង្គែក៏បណ្ដាលមកពីការមិនកក់សក់ទៀងទាត់ការប្រើប្រាស់សាប៊ូខុស និងការទទួលទានចំណីអាហារផងដែរ។ ប៉ុន្តែ កុំបារម្ភរូបមន្ដទាំងនេះអាចជួយអ្នកបាន!

១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើនោះគឺ លាយទឹកធម្មតាចំនួន២ ពែងជាមួយទឹកខ្មេះ ផ្លែប៉ោម២ពែង។ កូរឱ្យ សព្វសឹមចាក់ល្បាយចូលដបស្ព្រៃយ៍ ឬដបដែលមានក្បាលបាញ់។ បន្ទាប់មក ចាប់ផ្ដើមបាញ់ឱ្យពេញគល់ នៃសក់របស់អ្នក។ ចងសក់ឡើងហើយ រុំសក់ជាមួយថង់ផ្លាស្ទិក។ ទុកចោល បែបនេះសម្រាប់រយៈពេលពី ១៥ នាទី ទៅ ១ ម៉ោងអាស្រ័យលើប្រភេទ នៃសក់របស់អ្នកវែង ឬខ្លីក្រាស់ ឬស្ដើង។ ចុងក្រោយ គ្រាន់តែ កក់សម្អាតសក់ជាមួយសាប៊ូកក់សក់ និងក្រែមបន្ទន់ដូចធម្មតាជាការស្រេច។ គួរអនុវត្ត ឱ្យបានពី ២ ទៅ ៣ ដងរាល់សប្តាហ៍ ។

២. ប្រេងដូង និងទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយប្រេងដូងចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារស្រស់១ ស្លាបព្រាកាហ្វេ។ កូរឲ្យសព្វសឹមលាបល្បាយលើសក់ និងស្បែកក្បាល។ ម៉ាស្សាឲ្យពេញក្បាលសម្រាប់ រយៈពេល ២ ទៅ ៣ នាទីរួចទុកចោលសម្រាប់រយៈពេល ពី ២០ ទៅ ៣០ នាទីសឹមកក់សក់ចេញជាមួយ សាប៊ូជាការស្រេច ។

៣. ម្សៅ Baking Soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង ហើយប្រើប្រាស់ល្បាយនេះជំនួសសាប៊ូកក់សក់ ។

៤. ទឹកឃ្មុំ
ជាដំបូងត្រូវផ្សើមសក់ ជាមុនសិនរួចសឹមលាបម៉ាស្សាទឹកឃ្មុំឆៅ លើស្បែកក្បាលថ្នមៗសម្រាប់រយៈពេលពី ២ ទៅ៣នាទី។រងចាំសម្រាប់រយៈពេល ៣ ម៉ោងសិនសឹមលាងសម្អាតចេញ ។

៥. ទឹកក្រូចឆ្មារស្រស់
លាបទឹកក្រូចឆ្មារផ្ទាល់លើស្បែកក្បាល ដោយម៉ាស្សាថ្នមៗ សម្រាប់រយៈពេល ពី ២ ទៅ ៣នាទី និងទុកចោលសម្រាប់រយៈពេល ពី ៥ ទៅ ១០នាទី ។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ មុននឹងលាប ពេញលើស្បែកក្បាលអ្នកគួរប្រើប្រាស់ទឹកក្រូចឆ្មារត្រឹមតែ បន្តិចទុកជាការសាកល្បងសិន ដើម្បីប្រាកដថា វាមិនបង្កការរលាកដល់ស្បែក។ អ្នកក៏អាចលាយ ទឹកក្រូចឆ្មារស្រស់ ជាមួយទឹកធម្មតា ដើម្បីប្រើប្រាស់ លាងសម្អាតស្បែកក្បាលចេញផងដែរ ។

៦. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើ ស្បែកក្បាល និងរងចាំសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញ ជាមួយទឹកហើយកក់សក់ជាមួយសាប៊ូដូចពេលធម្មតា៕