ខេត្តព្រៃវែង ៖ កាលពីប៉ុន្មាននាទីមុននេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយរថយន្ដ៣គ្រឿងបុកគ្នា បណ្ដាលឲ្យ២គ្រឿងផ្ទុះឆេះខ្ទេចទាំងស្រុង និងមានមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ដែលករណីនេះ កើតឡើងនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

អធិការនគរបាលក្រុងព្រៃវែង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត៣គ្រឿង បើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង បានបើករំលោភចូលផ្លូវអាទិភាព ទើបបណ្ដាលឲ្យបុកពេញទំហឹងផ្ទុះឆេះរថយន្ត២គ្រឿង ខូចខាតស្ទើរទាំងស្រុង និងមនុស្ស៣នាក់បានរងរបួសបាក់ជើង២នាក់ និងម្នាក់ទៀតចុកចាប់ពេញខ្លួន។

លោកអធិការ បញ្ជាក់ថា ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពន្លត់ភ្លើង។ ចំណែកជនរងគ្រោះ សមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ បន្ទាប់មក ក៏រថយន្ដទាំង៣គ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ៕