អំពើហិង្សាឃោរឃៅព្រៃផ្សៃដែលមិនគួរកើតមានក្នុងសង្គមដែលធ្លាប់មានការអត់ឱនយោគយល់អធ្យាស្រ័យ គោរពស្រឡាញ់គ្នាកាលពីអតីតកាលនោះ បានកើតឡើងគួរឲ្យភ័យខ្លាច និងបារម្ភបំផុតសម្រាប់ជាតិសាសន៍ខ្មែរ ។

ជាក់ស្តែងសំណុំរឿងព្រហ្មទណ្ឌបាញ់សម្លាប់គ្រាន់តែរឿងចតរថយន្តនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងករណីកាប់សម្លាប់គ្នាគ្រាន់តែរឿងទំនាស់ពាក្យសម្តីគ្នាតិចតួចនៅព្រែកលៀប ខណ្ឌជ្រោយចង្វារកាលពីពេលថ្មីនេះ បានធ្វើឲ្យប៉ះពាល់អារម្មណ៍និងស្មារតីញញើតភ័យខ្លាចដល់ពលរដ្ឋជាច្រើនដែលឃើញរូបភាពនិងដឹងហេតុការណ៍ដ៍រន្ធត់នេះ ។

ហេតុអ្វីបានជាពលរដ្ឋខ្មែរមួយចំនួនតូចបំផុតអាចធ្វើរឿងគួរឲ្យភ័យខ្លាចនេះបាន ? ។ សម្រាប់សំណួរនេះ ពលរដ្ឋភាគច្រើនទំនងជាផ្តោតសំខាន់ទៅលើរឿងការប្រើប្រាស់គ្រឿងញៀន ព្រោះតែឃើញចរិតនៃបទល្មើសគឺជនដៃដល់សាហាវឃោរឃៅពេក ហើយពួកគាត់(ពលរដ្ឋ)យល់ថាមានតែអ្នកប្រើប្រាស់គ្រឿងញៀនទេដែលហ៊ានប្រព្រឹត្តបែបនេះ ។ ត្រឹមត្រូវណាស់ គ្រឿងញៀន ពិតជាដើមចមដ៍ធ្ងន់ធ្ងរមួយ ដែលនាំដល់ការកើតមានអំពើហិង្សា និងបទល្មើសជាច្រើនទៀតនៅសង្គមនាពេលបច្ចុប្បន្ននេះ ។

ចុះ បើអំពើហិង្សាដែល KBN News លើកយកតែពីរករណីខាងលើ ក្នុងចំណោមអំពើហិង្សានិងបទល្មើសព្រហ្មទណ្ឌរាប់មិនអស់ ជនដៃដល់មិនប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹងវិញ តើអំពើឃោរឃៅនេះ វាកើតឡើងដោយរបៀបណា ? ។ បើជនដៃដល់មិនមែនជាអ្នកប្រើប្រាស់គ្រឿងញៀន តាមអ្នកសិក្សាសង្គមនិងចិត្តវិទ្យា អំពើហិង្សាឃោរឃៅទាំងពីរ អាចកើតឡើងដោយកត្តាផ្លូវចិត្ត កង្វះគុណធ៌មនិងចំណេះដឹង ។

ក្នុងចំណោមកត្តា៣ខាងលើ គឺកត្តាផ្លូវចិត្តនិង គុណធ៏ម គឺជាប្រធានបទដែលត្រូវយកចិត្តទុកដាក់បំផុត ព្រោះជំងឺផ្លូវចិត្ត កំពុងកើតមានលើពលរដ្ឋខ្មែរជាច្រើន ពិសេសពលរដ្ឋមានជីវភាពក្រីក្រ ខណៈគុណធ៏មនោះវិញ បានធ្លាក់ចុះយ៉ាងគំហុកគួរឲ្យបារម្ភបំផុត ។

ប្រសិនបើកត្តាទាំងពីរនេះ ត្រូវបានដោះស្រាយ ទោះមិនបានទាំងស្រុង ក៍អំពើហិង្សាមានចរិតឃោរឃៅព្រៃផ្សៃ នឹងអាចកាត់បន្ថយឬ ឈានទៅលុបបំបាត់ទាំងស្រុងចេញពីសង្គមខ្មែរនាពេលបច្ចុប្បន្ន ៕

រូបភាព៖ សម្ព័ន្ធខ្មែរជំរឿន និងកាពារសិទ្ធិមនុស្ស លីកាដូ