ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារបន្ទាន់មួយទាំងយប់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងការដាក់ចេញនូវវិធានការមួយចំនួន ជុំវិញស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីកធំឡើង នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។

ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាដូចជា៖

១. ត្រូវបិទសាលារៀនទាំងរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំនួន ២សប្ដាហ៍យ៉ាងតិច។ ចំពោះវិធានការនេះធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

២. ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមានការពន្យារពេល នៃការរៀបចំពិធីមង្គលការ ប៉ុន្ដែប្រសិនបើមិនអាចពន្យារពេលបាន ស្នើឲ្យកាត់បន្ថយចំនួនមនុស្សចូលរួមឲ្យនៅតិចបំផុត តាមដែលអាចធ្វើទៅបាន។

៣. សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកបើកបរតាក់ស៊ី ម៉ូតូឌុប ឬម៉ូតូកង់បី ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ត្រូវមកធ្វើការពិនិត្យ និងចត្តាឡីស័ក។

៤. សារសំខាន់មួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សាធារណៈជនឲ្យផ្អាកការចេញក្រៅផ្ទះ ប្រសិនបើមិនមានការចាំបាច់។ ទន្ទឹមនឹងនេះ ក៏ទទូចឲ្យស្ថាប័ននានា ឲ្យពន្យារការជួបប្រជុំ ហើយងាកមកប្រជុំតាមប្រព័ន្ធអនឡាញវិញ។

៥. ទោះបីជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចមិនចេញបញ្ជាឲ្យបិទសេដ្ឋកិច្ចនោះទេ ដូចជា ការប្រកបរបរអាជីវកម្មផ្សេងៗជាដើម ប៉ុន្ដែសមត្ថកិច្ចនឹងបិទអាជីវកម្មណា មិនគោរពតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាល។

៦. សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យប្រជាជននៅតាមបណ្ដាខេត្ត ពន្យារការ ធ្វើដំណើរមករាជធានីភ្នំពេញ បើមិនមានភាពចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីករាល នៃជំងឺកូវីដ១៩៕