រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញបញ្ជាឲ្យយកគ្រូបង្រៀនទាហានម្នាក់មកធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩ ។

យោងតាមរយៈសារសំឡេងរបស់សម្ដេច ទៀ បាញ់ បានឲ្យដឹងថា «មានបញ្ហាមួយដែលសំខាន់ជាងគេបំផុត ដោយសារវិជ្ជបណ្ឌិតម្នាក់គាត់បើកគ្លីនិក ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ ហ្នឹង ហើយឥឡូវនឹងមានបញ្ហាធំបំផុតដែលគាត់ទៅបង្រៀនពេទ្យយើងទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវិជ្ជបណ្ឌិតដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ទៅពិនិត្យភ្លាមៗ ។ ប្រសិនបើគាត់ឆ្លងមែនទែន យើងកុនហើយ វិជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវផ្អាកទាំងអស់ធ្វើចត្តាឡីស័កទាំងអស់ នៅកន្លែងកាំភ្លើងធំនៅវិទ្យាស្ថានតេជោ នៅកន្លែងមួយចំនួនទៀតទាំងអស់នឹង គឺយកដាក់ចត្តាឡីស័កទាំងអស់ ។ ការងារបន្ទាន់ត្រូវយកវិជ្ជបណ្ឌិតម្នាក់ទៅធ្វើចត្តាឡីស័កជាមុនសិន ដើម្បីមានវិធានការបន្ដទៀត ហើយត្រូវធ្វើយ៉ាងត្រឹមត្រូវបំផុត ។

សម្ដេចថា ត្រូវផ្អាកទាំងអស់កន្លែងដែលវិជ្ជបណ្ឌិតទៅបង្រៀន ដោយឡែកកន្លែងផ្សេងៗទៀត មិនជាប់ពាក់ព័ន្ធត្រូវដំណើរការជាធម្មតា ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល បានអំពាវនាដល់អ្នកដែលពាក់ព័ន្ធ ធ្លាប់ចេញចូលទីតាំងចំនួន២៣ (មានក្នុងតារាង) ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលដែលពាក់ព័ន្ធព្រឹត្តិការណ៍ ឬដឹងខ្លួនថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ត្រូវស្ម័គ្រចិត្តមកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនមានអាការមិនស្រួលខ្លួន ដូចជាឡើងកម្តៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមទូរស័ព្ទទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕