បរទេស៖ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ចំណាយលុយរាប់ពាន់លានដុល្លារ សម្រាប់ចូលរួមដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រទេសក្រីក្រ តាមរយៈកម្មវិធីរបស់អង្គការសហប្រជាជាតិ។

បើតាមសារព័ត៌មានសិង្ហបុរី CNA បានផ្សាយ នៅព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក មានគម្រោងចំណាយលុយចំនួន៤ពាន់លានដុល្លារអាមរិក សម្រាក់កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រទេសក្រីក្រ។ ជំនួយរាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមរិកនេះ នឹងផ្ដល់ឲ្យដល់​កម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ។​

ប្រធានាធិបតីអាមេរិក បានថ្លែងទៅកាន់​កិច្ចប្រជុំ G7 តាមប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រ នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ជាលើកដំបូងរបស់លោក ក្នុងនាម ជាប្រធានាធិបតីថា សហរដ្ឋអាមេរិកបានប្រកាសជាបន្ទាន់នូវការបរិច្ចាគថវិកា២ពាន់លានដុល្លារដល់កម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ។ ថវិការនេះ ដើម្បីធានាពីការទទួលបាននូវការចាក់វ៉ាក់សាំង ប្រកបដោយតម្លាភាព នៅជុំវិញពិភពលោក។ ដោយឡែក​ថវិកា ចំនួន២ពាន់លានដុល្លារទៀត នឹងត្រូវផ្ដល់ជូន ក្នុងរយៈពេល២ឆ្នាំបន្ដទៀត សម្រាប់លើកទឹកចិត្តឱ្យប្រទេសជាម្ចាស់ជំនួយធំៗដទៃ ចូលរួមចំណែក នៅក្នុងកិច្ចការមនុស្សធម៌នេះ។

កម្មវិធី COVAX របស់ WHO មានគោលបំណងផ្ដល់វ៉ាក់សាំងយ៉ាងតិច២ពាន់លានដូស នៅត្រឹមដំណាច់ឆ្នាំ២០២១។ ចំនួនខាងលើនេះ អាចគ្របដណ្ដប់លើប្រជាពលរដ្ឋ នៃប្រទេសក្រីក្រប្រហែល២០ភាគរយផងដែរ៕