និយាយត្រង់ចុះ គ្មានអ្នកណាចូលចិត្តគេងហៀរទឹកមាត់ទេ សូម្បីគ្នាយើងចូលចិត្ត គេងហៀរខ្លួនឯងក៏មិនចង់ដែរ តែខ្លះថាធ្វើម៉េចបើទម្លាប់បែបនេះចង់កែក៏មិនបាន ខ្លះថាគេងហៀរដោយ មិនដឹងខ្លួន។ ប៉ុន្តែ ការ គេងហៀរទឹកមាត់គ្នាយើងភាគច្រើនគិតថាជាទម្លាប់នោះ មិនត្រូវទាំងស្រុង ទេត្រូវនិយាយថា វាជាបញ្ហាសុខភាពដែលត្រូវដោះស្រាយ។ ខាងក្រោមនេះ អាចពន្យល់គ្នាយើងឲ្យដឹងខ្លះៗ ពីបញ្ហាសុខភាពមួយចំនួននាំឲ្យគេងហៀរទឹកមាត់។

១- ទីតាំង និងរបៀបគេង
មូលហេតុភាគច្រើនបណ្តាលឲ្យគេងហៀរទឹកមាត់ គឺដោយសារទីតាំង និង របៀបគេង អំឡុងពេលដែលយើងកំពុងលង់លក់តែម្តង ដែលនាំទឹកមាត់ងាយនឹងចេញមកក្រៅដោយសារទំនាញផែនដី។ ទីតាំងយើងគេង ជារឿយៗនាំឲ្យទឹកមាត់មានឱកាសហូរចេញមកក្រៅបានយ៉ាងងាយ ខណៈគ្នាយើងមួយចំនួនមានទម្លាប់គេងបែរទៅចំហៀង ឬគេងផ្កាប់មុខ តែងជួបបញ្ហាហៀរទឹកមាត់ពេលគេងនេះឯង ពិសេសពេលយើងព្យាយាមដកដង្ហើមតាមមាត់ ឬគ្នាយើងមានប្រហោងច្រមុះតូចចង្អៀត ជាហេតុនាំឲ្យ ដំណក់ ទឹក មាត់ ដែល ប្រមូលផ្តុំ អាចហៀរចេញមកក្រៅ ពេលយើង បើកមាត់ដកដង្ហើម។

២- ស្ទះឆ្អឹង ឬរន្ធច្រមុះ
បើគ្នាយើងហៀរសំបោរដោយសារជំងឺផ្តាសាយ ឬដោយសារឆ្លងរោគអ្វីមួយនៅច្រមុះ អាចនឹងសង្កេតឃើញថា ចំនួនទឹកមាត់របស់យើងនឹងកើនឡើងខុសធម្មតា។ បើយើងឧស្សាហ៍មានបញ្ហារលាកច្រមុះ ឬប្រហោងឆ្អឹងច្រមុះខុសពីអ្នកផ្សេង យើងច្បាស់ជាសង្កេតឃើញមានសម្បូរទឹកមាត់គ្រប់ពេលតែម្តង។ ការស្ទះរន្ធច្រមុះ កាន់តែជំរុញឲ្យយើងដកដង្ហើមតាមមាត់ច្រើនជាងមុនអំឡុងពេលគេង ហើយការដកដង្ហើមតាមមាត់ដូចរៀបរាប់ខាងលើ នឹង ធ្វើឲ្យទឹកមាត់ហូរ ចេញ មកក្រៅបានយ៉ាងងាយ។

៣- ជំងឺច្រាលទឹកក្រពះ
ជំងឺច្រាលទឹកក្រពះ (GERD) មកពីពាក្យពេញ Gastroesophageal reflux disorder សំដៅលើអាការៈច្រាលទឹកអាស៊ីដពីក្នុងក្រពះមកខាងលើចូលទៅក្នុងបំពង់អាហារ នាំឲ្យខូតខាតបំពង់អាហារតែម្តង។ ជំងឺ GERD អាចបង្កឲ្យមានបញ្ហាពិបាកលេបអាហារ ឬធ្វើឲ្យយើងមានអារម្មណ៍ជាប់ដុំអ្វីមួយនៅបំពង់ក ហើយអារម្មណ៍នេះ នឹងនាំឲ្យគ្នាយើងមួយចំនួន កើនទឹកមាត់កាន់ តែ ច្រើន ពិសេសអំឡុងពេលគេង។

៤- ឥទ្ធិពលពីថ្នាំពេទ្យ
ថ្នាំពេទ្យមួយចំនួន អាចនាំឲ្យយើងកើនឡើងកម្រិតទឹកមាត់។ ជាក់ស្តែងពពួកថ្នាំ Antipsychotic ពិសេសថ្នាំ Clozapine និងថ្នាំប្រើព្យាបាលជំងឺ Alzheimer (ជំងឺម្យ៉ាងដែល កើត លើ ប្រព័ន្ធសរសៃ ប្រសាទរបស់ មនុស្ស ចាស់ ដូចជាធ្លាក់ចុះការគិត ឬភ្លេចភ្លាំង ) ក៏សុទ្ធតែបង្កឲ្យហៀរទឹកមាត់ដូចគ្នា។ រីឯពពួកថ្នាំផ្សះ ក៏នាំឲ្យកើនកម្រិតទឹកមាត់ច្រើនដែរ។

៥- បញ្ហាពិបាកលេបអាហារ
ពាក្យបច្ចេកទេហៅថា Dysphagia គឺសំដៅលើលក្ខខណ្ឌណាមួយនៃបញ្ហាពិបាកលេបអាហារ។ នៅពេលកម្រិតទឹកមាត់យើងកើនឡើងកាន់តែច្រើន ក៏អាចជារោគសញ្ញាបញ្ហាសុខភាពមួយនេះ។ ជំងឺ Parkinson’s ជំងឺ Muscular dystrophy និងមហារីកមួយចំនួនសុទ្ធតែអាចបង្កឲ្យពិបាកលេបអាហារ បាន។

៦- ជំងឺគេងមិនដកដង្ហើម
នៅពេលយើងមានជំងឺគេងមិនដកដង្ហើម ដំណេករបស់យើងនឹងរងការរំខាន ដោយសាររាងកាយឈប់ដកដង្ហើមពេលខ្លះអំឡុងពេលគេង។ គេងហៀរទឹកមាត់ អាចជាកត្តាប្រឈមបង្កទៅជាជំងឺគេងមិនដកដង្ហើម ដែលជាអាការៈសុខភាពធ្ងន់ធ្ងរមួយ ទាមទារធ្វើរោគវិនិច្ឆ័យឲ្យបានជាក់លាក់។ បើគ្នាយើងមានបញ្ហាគេងហៀរទឹកមាត់ពេលយប់ យើង ត្រូវសួរខ្លួនឯងថា តើនឹងមានរោគសញ្ញាជំងឺគេងមិនដកដង្ហើមដែរឬ ទេ ខណៈរោគសញ្ញាជំងឺនេះមានដូចជា៖
– ស្រមុកខ្លាំង
– ភ្ញាក់ពីដំណេកភ្លាមៗ ឬមានអារម្មណ៍មិនអាចដកដង្ហើមបាននៅពេលយប់
– មានបញ្ហាផ្ចង់អារម្មណ៍ ឬពិសេសផ្តោតលើអ្វីមួយនៅពេលថ្ងៃ
– ទើបតែភ្ញាក់បានប៉ុន្មានម៉ោង ស្រាប់តែងងុយគេងខ្លាំង
– ឈឺ ឬស្ងួតក ពេលក្រោកពីគេង
បើប្រទះខ្លួនឯងមានបញ្ហាដូចរៀបរាប់ខាងលើ កុំអែអង់ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។