មិនថាមនុស្ស ឬសត្វនោះទេ សុទ្ធតែចេះស្ងាបទាំងអស់។ ហើយអ្វីដែលសំខាន់នោះគឺ ពួកយើងតែងតែមានចម្ងល់ថា ហេតុអ្វីបានជាភ្នែករបស់ពួកគេសើមបន្ទាប់ពីស្ងាបរួច? ជាមួយគ្នានេះដែរ មានមតិមួយចំនួនបានធ្វើការបកស្រាយអំពីចម្ងល់មួយនេះ ដោយពួកកគេបានយល់ថា ក្នុងអំឡុងពេលដែលយើងស្ងាប យើងអាចស្រូបយកអុកស៊ីសែនជាច្រើនចូលទៅក្នុងខួរក្បាលដែលជាហេតុបង្កឱ្យសារធាតុរាវនៃឆ្អឹងខ្នង និងខួរក្បាលហូរឆ្លងកាត់រន្ធផ្នែកខាងក្រោមរបស់ខួរក្បាលដែលនេះជាហេតុធ្វើឱ្យមានទឹកភ្នែកហូរចេញមក។

ចំណែកឯមតិមួយទៀត ក៏បានលើកឡើងដែរថា នៅពេលដែលមនុស្សស្ងាបភាគច្រើនតែងតែបិទភ្នែក។ការបិទភ្នែកនៅពេលដែលអ្នកស្ងាបវាបានធ្វើការច្របាច់បំពង់ទឹកភ្នែក ដែលមានតួនាទីបញ្ចេញទឹកភ្នែក ដែលនាំឱ្យមានទឹកភ្នែកហូរចេញទៅក្នុងភ្នែក។ ដូច្នេះហើយ ទើបវាមានទឹកភ្នែកច្រើន នៅក្នុងភ្នែកដែលនាំឱ្យវាហូរចេញមកបន្ទាប់ពីយើងស្ងាបរួច៕