ក្លិនមាត់ គឺជារឿងដ៏សំខាន់មួយដែលមនុស្សគួរមានការប្រុងប្រយ័ត្នព្រោះការមានក្លិនមាត់មិនល្អអាចប៉ះពាល់ដល់ទំនាក់ទំនងស្នេហាការងារ ឬជាមួយមនុស្សជុំវិញខ្លួនជាដើម។ ក្លិនមាត់មិនល្អបង្កឡើងដោយមូលហេតុជាច្រើនដូចជា ការឡើងបាក់តេរីនៅក្នុងមាត់ ការសម្អាតមិនបានស្អាតល្អ អាហារ ការជក់បារីជាដើម។ ដូចនេះលោកអ្នកត្រូវមានគន្លឹះក្នុងការការពារការធុំក្លិនមាត់ដើម្បីមានភាពជឿជាក់ក្នុងការនិយាយដែលមានដូចជា៖

១ . ដុសធ្មេញឲ្យបានទៀងទាត់៖ លោកអ្នកត្រូវប្រាកដថាត្រូវដុសធ្មេញមួយថ្ងៃឲ្យបានយ៉ាងតិច ពីរដងក្នុងមួយថ្ងៃគឺនៅពេលមុនចូលគេង និងក្រោកពីគេងដើម្បីកំចាត់បាក់តេរីបណ្ដាលឲ្យមានក្លិនមាត់ដែលបង្កឡើងនៅពេលកំពុងគេង និងកាកសំណល់ ជាតិអាស៊ីតរបស់អាហារដែលបរិភោគរួច។

២. ប្រើខ្សែសម្រាប់សម្អាតធ្មេញ៖ ដោយខ្សែសម្អាតធ្មេញមានរូបរាងតូច ស្ដើង វាអាចចូលទៅសម្អាតចន្លោះធ្មេញដែលតូចៗដែលច្រាសមិនអាចចូលទៅសម្អាតបាន។ ច្រាសដុសធ្មេញអាចសម្អាតបានតែ ៦០% តែប៉ុណ្ណោះដែលនេះលោកអ្នកគួរប្រើខ្សែសម្អាតធ្មេញដើម្បីទាញយកកាកសំណល់អាហារល្អិតៗពីធ្មេញដើម្បីការពារក្លិនមិនល្អ។

៣. លាងសម្អាតធ្មេញសិប្បនិម្មិតឲ្យបានល្អ៖ ដើម្បីការពារការឡើងបាក់តេរីនៅក្នុងប្រអប់ មាត់លោកអ្នកដែលប្រើប្រាស់ធ្មេញសិប្បនិម្មិតគួរដោះយកមកលាងសម្អាត្យបានស្អាតល្អ។ ការលាងសម្អាតមិនបានគ្រប់គ្រាន់អាចបង្កឲ្យមានបាក់តេរីមិនល្អដែលបណ្ដាលឲ្យមានក្លិនមាត់។

៤. សម្អាតអណ្ដាត៖ អណ្ដាតគឺជាកន្លែងដែលប្រមូលផ្ដុំដោយបាក់តេរី កាកសំណល់អាហារ និងកោសិកាងាប់ជាពិសេសអ្នកដែលពិសារបារី។ ដូចនេះលោកអ្នកត្រូវដុសសម្អាតអណ្ដាតឲ្យបានស្អាតល្អដើម្បីជៀសវាងការមានក្លិនមាត់មិនល្អ។

៥. ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ ការផឹកទឹកអាចជួយកម្ចាត់បាក់តេរីមិនល្អដែលបង្កឡើងនៅពេលប្រអប់មាត់ស្ងួត។ ការទំពារស្ករកៅស៊ូ ឬបៀមស្ករគ្រាប់អាចជួយបង្កើនបរិមាណទឹកមាត់ដែលនេះក៏បានចូលរួមក្នុងការកំបាត់បាក់តេរីបង្កក្លិនមាត់ផងដែរ។ ហើយគួរជៀសវាងការពិសារបារីដែលអាចធ្វើឲ្យប្រអប់មាត់ស្ងួតដែលជាមូលហេតុធ្វើឲ្យមានក្លិន៕