រាជធានីភ្នំពេញ ៖ ស្រ្តីចំណាស់ត្រកូលហ៊ីងចំនួន៧នាក់ រស់នៅភូមិរការ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ដោយនូវរងទារុណផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ឈឺចាប់ខ្លាំងពេក ដូចស្លាប់ទាំងរស់ ទើបនាំគ្នាធ្វើដំណើរចេញពីស្រុកកំណើតស្កាត់មកបត់ជើងសំពះលោកដួង តារា ជាជំនួយការសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ជួយរកយុត្តិធម៌ដល់ពួកគាត់ សម្រាប់ជីវិតចុងក្រោយផង ។

យោងតាមគណនីហ្វេសប៊ុកផេកលោកដួង តារា ជាជំនួយការសម្តេចនាយករដ្ឋមន្ត្រី ដែលបង្ហោះវីដេអូឃ្លីប១ កាលពី៧ម៉ោងមុន ភ្ជាប់ជាមួយសំណេរថា « អរគុណសន្តិភាព អរគុណទេវតា ដែលអោយខ្ញុំមានអាយុជីវិតរស់នៅបានសុខសប្បាយរាល់ថ្ងៃ និងអរគុណទេវតា ដែលបានអោយខ្ញុំមានឱកាសបានជួយប្រជាពលរដ្ឋស្លូតត្រង់។

ពិតណាស់ នៅពេលដែលយើងកំពុងរស់នៅមានសេចក្តីសុខ យើងមិនបានដឹងពីទុក្ខលំបាករបស់អ្នកដទៃឡើយ ហើយអ្នកខ្លះមានសេចក្តីសុខហើយ នៅឡើយមិនចេះគ្រប់គ្រាន់ មិនចេះឆ្អែតឆ្អន់ ធ្វើបាបអ្នកដទៃដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ជាក់ស្តែងដូចជាជីវិតអ៊ំស្រីទាំង៧នាក់ ដែលបានស្កាត់មកជួបខ្ញុំកាលពីព្រឹកម៉ិញ (១-ហ៊ីងជីន ២-ហ៊ីង ស៊ីម ៣-ហ៊ីង នាង ៤-ហ៊ីង សំអឿន ៥-ហ៊ីង ហាង ៦-ហ៊ីង ច្រឹប ៧-ហ៊ីង ជីម សព្វថ្ងៃរស់នៅភូមិរការ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ដែលកំពុងរងទារុណផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដូចស្លាប់ទាំងរស់។ ការស្រេកឃ្លានអាហារ មនុស្សអាចនៅទ្រាំបាន តែបើស្រកឃ្លានយុត្តិធម៌ នោះពិតជាមានការឈឺចាប់ខ្លាំងណាស់។

សូមលើកដៃគោរពបួងសួងដល់ទេវតាសូមថែរក្សាការពារកូនចៅអោយមានសេចក្តីសុខ ជាពិសេសសូមធ្វើជាម្លប់ដល់កូនចៅ ដើម្បីអោយកូនចៅបានចូលរួមចំណែកជួយស្វះស្វែងរកយុត្តិធម៌ ដល់ពលរដ្ឋទូទៅ ក៏ដូចលោកអ៊ំទាំង៧នាក់ដែលមានដីត្រឹមតែ (៧០អា) សម្រាប់ជីវិតរស់នៅចុងក្រោយនេះ។

ដោយបានឃើញពីការលំបាកនេះ ខ្ញុំបានជូនថវិកាចំនួន១០ម៉ឺនរៀលសម្រាប់ពួកគាត់ជិះម៉ូតូកង់បីត្រលប់ទៅវិញ និងជូន$100 សម្រាប់យកទិញថ្នាំសង្កូវ ព្រមទាំងអង្ករ៦បាវតូច សម្រាប់លោកអុំយកទៅទទួលទាន។ ខ្ញុំនឹងសិក្សាស្វែងរកការពិតលើករណីពួកគាត់ទាំង៧នាក់។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖