រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន០២នាក់ ខណៈមានអ្នកជាសះស្បើយម្នាក់។

អ្នកឆ្លងកូវីដ-១៩ នៅព្រឹកនេះ ទី១- ស្ត្រីជនជាតិខ្មែរ អាយុ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ទី២- ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៩២នាក់ ដែលនៅក្នុងចំនួននេះមាន បុគ្គលទាំង ០២ខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន ៩០នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន៤៦នាក់ សណ្ឋាគារមួយទៀតចំនួន ៤០នាក់ និងស្ថានទូតអាមេរិក ចំនួន០៤នាក់។

ចំណែកអ្នកជាសះស្បើយ គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ ជាអ្នកដំណើរមក ពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១៕