ខេត្តសៀមរាប ៖ នៅវេលាម៉ោង ២១និង ០០នាទីយប់ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួលពត៌មានថាមានករណី ហិង្សាដោយចេតនា និងមានផ្ទុះអាវុធត្រង់ចំណុចក្នុងភោជនីយដ្ឋានមហាលាភ ៩៩៩៩ ស្ថិតក្នុងភូមិតទ្រាំង សង្កាត់ស្លក្រាម ក្រុសៀមរាប ខេត្តសៀមរាប ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវពត៌មានពីបុគ្គលិកបម្រើការក្នុងហាង ករណីនេះមានឈ្មោះ តាំង ហូរ ភេទ ប្រុស មុខរបរ ជាអ្នកសារពត៌មាន រស់នៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងផឹកស៊ីជាមួយឈ្មោះ អ៊ុក សុផល ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរជាមន្ត្រីកងរាជវុធហត្ថខេត្ត មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប ក្នុងពេលនោះមានទំនាស់ពាក្យសម្តីគ្នាឈ្មោះ តាំង ហូរ បានយកកែវស្រាគប់ទៅលើឈ្មោះ អ៊ុក សុផល មួយកែវបណ្តាលអោយបែកក្បាល ហើយក៏មានការប្រតាយប្រតប់គ្នា ភ្លាមនោះដែរឈ្មោះ អ៊ុក សុផល បានចេញទៅយកកាំភ្លើង ខ្លីម៉ាក K54 ពីក្នុងរថយន្ត ហើយបានបាញ់ឡើងលើ ០១ គ្រាប់ ក្រោយពេលកើតហេតុឈ្មោះ អ៊ុក សុផល បានចេញពីកន្លែងកើតហេតុមុនកម្លាំងសមត្ថកិច្ចយើងទៅដល់កម្លាំងយើងបានជួបតែឈ្មោះ តាំង ហូរ ហើយបានអញ្ជើញឈ្មោះ តាំង ហូរ មកធ្វើការសួរនាំ និងបានសាកសួរអំពីដំណើររឿង ក្រោយការសាកសួរចប់សព្វគ្រប់រួច យើងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ។

លុះព្រឹកឡើងក្រោយពីពិនិត្យលើអង្គហេតុ និងសាកសួរបុគ្គលិកដែលប្រើប្រាស់អាវុធក្នុងការបាញ់បោះនោះជាមន្ត្រីបំរើការក្នុងអង្គភាពកងរាជអាវុធហត្ថខេត្ត ដោយបានចេញផុតពីកន្លែងកើតហេតុ និងមានការឯកភាពពីថ្នាក់ដឹកនាំនៃផែននគរបាលព្រហ្មទណ្ឌ សម្រេចបង្វិលសំណុំរឿងនេះជូនទៅកងរាជអាវុធហត្ថខេត្តជាអ្នកបន្តនីតិវិធី៕