ខេត្តត្បូងឃ្មុំ ៖ សិស្សស្រីៗ នីវិទ្យាល័យស្រុកក្រូចឆ្មារ ចំនួន១០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ បង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ហើយត្រូវលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានជួយចាត់ចែងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ។

គណៈគ្រប់គ្រងវិទ្យាល័យក្រូចឆ្មារ បានដឹងថា សិស្សដែលដួលសន្លប់នេះ ជាសិស្សថ្នាក់ទី៨ ទី៩ និងទី១១ ។ ភ្លាមៗលោកគ្រូអ្នកគ្រូ និងអាជ្ញាធរបានបញ្ជូនសិស្សរងគ្រោះទៅមណ្ឌលសុខភាពក្បែរនោះ ហើយបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ រហូតបានដឹងខ្លួន ក្រោយសម្រាកព្យាបាលនោះ។

លោកវេជ្ជបណ្ឌិត ស្រូយ គា ប្រធានការិយាល័យសុខាភិបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ថា សិស្សដែលដួលសន្លប់ទាំងនេះ អាចមកពី៖ ទី១. ដោយសារសិស្សខំរៀនពេក ធ្វើឱ្យខ្សោយអស់កម្លាំង ខ្វះជីវជាតិមួយចំនួន ។ ទី២. សិស្ស២ទៅ៣នាក់ក្នុងចំណោមនោះ គាត់មានជំងឺខ្សោយខាងផ្លូវដង្ហើមធ្វើឲ្យសន្លប់ ហើយសិស្សដទៃទៀតឃើញភ័យក៏សន្លប់តាមដែរ ។ ទី៣. ដោយសារកត្តាបរិស្ថាន ព្រោះក្រោយសាលា គឺមានឡឥដ្ឋ និងឡដុតសាកសព ដែលកំដៅជះចេញពីឡអាចធ្វើឲ្យប៉ះពាល់ដល់អុកស៊ីសែន៕