រាជធានីភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានប្រកាសទុកពេល ដាច់ខែកុម្ភ:នេះ ឲ្យអាជីវករទាំងអស់រុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់រំលោភលើ ដីចំណីឆ្នេរសាធារណៈ ស្ថិតនៅចំណុចពីយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ កុម្ភៈ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា សំណង់របស់លោក លោកស្រី ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មត្រង់ចំណុចពីយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធិ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គឺស្ថិតនៅលើដីចំណីឆ្នេរសាធារណៈរបស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាពឆ្នេរ។

លោក គួច ចំរើន បញ្ជាក់ថា «រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់លោក លោកស្រី ត្រូវរុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់នៅលើដី ចំណីឆ្នេរសាធារណៈរបស់រដ្ឋ ស្ថិតនៅចំណុចព្យយាយម៉ី និងឆ្នេរបារាំង ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាកំហិត» ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ក្នុងករណីលោក លោកស្រី មិនរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងសហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកស្ទឹងហាវ ចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនទទួលខុសត្រូវរាល់ ការខូចខាតសម្ភារ ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ៕