ភ្នំពេញ ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់រួចមកហើយពីឈ្មោះរបស់ ដើមឈើចាំស្នេហ៍​ ដែលស្ថិតនៅចំពាក់កណ្តាលផ្លូវបេតុងមួយខ្សែ ក្នុងខេត្តព្រះសីហនុ និងជាដើមឈើដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រសិទ្ធិនាមឲ្យ ក្រោយពីសម្តេចបានធ្វើដំណើរឆ្លងកាត់ពីទីតាំងឆ្នេរសមុទ្ររាមឆ្ពោះទៅកាន់ឆ្នេរសមុទ្រអូរត្រេះ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។ ពិតណាស់ ព្រោះតែរឿងមួយនេះហើយទើបធ្វើឲ្យអាជ្ញាធរមិនដាច់ចិត្តកាប់ដើមឈើចាំស្នេហ៍ រួមជាមួយនឹងដុំថ្មមួយផ្ទាំងដែលសម្តេចដាក់ឈ្មោះដូចជាគ្នាទៅនឹងដើមឈើចាំស្នេហ៍ចេញពីទីតាំងចាស់នេះឡើយ ដោយហេតុថា ទិដ្ឋភាពដ៏ល្អត្រកាលមួយនេះអាចទាក់ទាញចិត្តភ្ញៀវទេសចរឲ្យទៅទស្សនាកម្សាន្តផងដែរនៅក្នុងខេត្តព្រះសីហនុ។


ជាការពិតណាស់ក្រោយពីមានការរៀបចំផ្លូវឲ្យបានល្អ ក៏ដូចជាការរក្សានូវដើមឈើចាំស្នេហ៍នេះរួចមក អាជ្ញាធរនៅក្នុងខេត្តព្រះសីហនុក៏បានថែរក្សា ការពារ និងយកចិត្តទុកដាក់ជាមួយនឹងដើមឈើមួយនេះដោយមានការរៀបចំភ្លើងពណ៌បន្ថែមឲ្យកាន់តែទាក់ទាញមួយកម្រិតទៀត។


ជាក់ស្តែងកាលពីពេលថ្មីៗនេះនៅលើគណនីហ្វេសប៊ុកផេករបស់ឯកឧត្តម គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ បានបង្ហោះពីរូបភាពបង្ហាញពីសម្រស់មួយចំនួនរបស់ដើមឈើចាំស្នេហ៍ដោយមានពណ៌ប្លែកៗពីគ្នា មើលទៅពិតជាស្រស់ស្អាតប្លែកភ្នែកមែនទែន៕