រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ មានគណនីហ្វេសបុកឈ្មោះ BonLinll និងបណ្តាញសង្គម Tik Tok បាននិយាយមើលងាយ ជេរប្រមាថ និងចោទប្រកាន់មកលើសមត្ថកិច្ច ផ្ទុយពីការពិតទាំងស្រុង ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំជាខ្លាំង។

បន្ទាប់មក កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវ ស្វែងរកបុគ្គលដែលផុសព័ត៌មានមិនពិត រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ទើបកម្លាំងសមត្ថកិច្ចបានខ្លួន បុរសរូបនោះមកសាកសួរ និងធ្វើការអប់រំ។

សមត្ថកិច្ចបានបញ្ជក់ថា បុគ្គលនេះ ហើយឈ្មោះ ពៅ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ក៏បានចូលខ្លួនមកបកស្រាយបំភ្លឺ និងទទួលកំហុសរបស់ខ្លួនដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ BonLinII និងTikTok ជាវីដេអូ ធ្វើការបង្ហាះពត៌មានមិនពិត ដោយបាននិយាយខុសពីការពិតទាំងស្រុង ក្នុងគោលបំណងអាក្រក់មើលងាយ ចោទប្រកាន់ និងបង្ខូចដល់កិត្តិយសរបស់សមត្ថកិច្ច បន្ទាប់ពីបុគ្គលរូបនេះត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យដោយបានល្មើសច្បាប់ចរាចរណ៍ (ពុំបានពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ) នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣និង០០នាទីរសៀល ត្រង់ចំណុចចរង្វង់មូលផ្សារដើមថ្កូវ បន្ទាប់ពីសមត្ថកិច្ចបានធ្វើការផាកពិន័យត្រឹមត្រូវតាមច្បាប់ បុគ្គលរូបនេះក៏មានការខឹង និងខ្វះការពិចារណាក៏បានបង្ហាះសារជាវីដេអូលើហ្វេសបុកនិង TikTok របស់ខ្លួន នូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារប្រមាទមើលងាយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ចនគរបាលជាតិទាំងមូលផងដែរ ។

ម្ចាស់ហ្វេសបុក និងTikTok រូបនេះបានសារភាព ទទួលស្គាល់កំហុស និងសូមសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះតទៅហើយ។ អាស្រ័យហេតុនេះសូមបងៗសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋទួទៅមេត្តាយោគយល់និងអនុគ្រោះលើកលែងទោសដល់រូបគាត់ផង។ ក្រោយពីបុរសខាងលើបានសារភាពកំហុស និងសំទោសជាសាធារណ: ក៏ដូចជាការធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យារួមមក សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុគ្គលរូបនេះត្រឡប់ទៅគេហដ្ឋានវិញ តែក្នុងករណីមិនរាងចាល បើសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាលើកទី២ សមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់ ៕