ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២១ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយធនាគារ BRED Bank (Cambodia) ដើម្បីសហការផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកទិញអចលនទ្រព្យតាមបណ្តាញក្រុមហ៊ុន Century 21 Cambodia។

អនុស្សារណៈនៃការយោគយល់គ្នា (MOU)នេះ បានធ្វើឡើងនៅសណ្ឋាគារ Raffle Hotel Le Royal ហើយត្រូវបានចុះហត្ថលេខាដោយលោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia និងលោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia)។

លោក Seraj Sutton បានមានប្រសាសន៍ថា លោកពិតជាមានក្តីសោមន្សសរីករាយដែលបានធ្វើជាដៃគូជាមួយធនាគារ BRED Bank ដែលជានបុត្រសម្ព័ន្ធរបស់ធនាគា BRED Banque Populaire ដ៏ល្បីល្បាញ និងជាធនាគារអឺរ៉ុបដំបូងគេនៅកម្ពុជា បើកដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ២០១៧។
លោក Seraj Sutton ថ្លែងថា៖ «ខ្ញុំជឿជាក់ថាកិច្ចសហការនេះ នឹងមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសឱ្យកាន់តែល្អប្រសើរទៅដល់អតិថិជន និងវិនិយោគិន ហើយទន្ទឹមគ្នានេះប្រជាជនកម្ពុជាក៏អាចទទួលបានឱកាសដូចគ្នានេះដើម្បីអាចទិញអចលនទ្រព្យតាមក្តីប្រាថ្នារបស់ពួកគេ»។

លោកបញ្ជាក់ថា៖ «អតិថិជនរបស់យើងមិនត្រឹមតែអាចក្លាយជាម្ចាស់កម្មសិទ្ធលំនៅដ្ឋានថ្មីរបស់ពួកគេទេ តែថែមទាំងអាចទទួលបានកម្ចីក្នុងអត្រាការប្រាក់សមរម្យ សេវាឆាប់រហ័ស ទំហំកម្ចីសមតាមតម្រូវការពីធនាគារ BRED Bank (Cambodia)»។

លោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia) បានលើកឡើងសដៀងគ្នានេះថា៖ «យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបានឈានដល់ការចុះអនុស្សារនយោគយល់គ្នាជាមួយក្រុមហ៊ុន Century 21 Cambodia។ ធនាគារ BRED Bank Cambodia បានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីគាំទ្រដល់ការរីកម្រើនទីផ្សារអចលនទ្រព្យនៅកម្ពុជា។ យើងខ្ញុំផ្តល់សេវាកម្មធនាគារដែលមានស្តង់ដារអន្តរជាតិ ហេតុដូច្នេះហើយ យើងជឿជាក់ថាការផ្តល់សេវាកម្មកម្ចីទិញផ្ទះនេះបង្ហាញពីគុណតម្លៃរបស់យើងក្នុងទីផ្សារនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងនឹងធ្វើការឆ្ពោះទៅមុខរួមគ្នាយូរអង្វែង និងដោយក្តីរីករាយ»។

ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានផ្តល់សិទ្ធជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជារួមមានគម្រោង FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY ដែលជាគម្រោងផ្ទះវីឡាលំហែកាយនិងខុនដូរប្រណីត រចនាឡើងតាមបែបអ៊ឺរ៉ុប ដែលទីតាំងនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។