ភ្នំពេញ៖ តាមបណ្ដឹងថៅកែជនជាតិចិន បុរសខ្មែរម្នាក់ធានារត់ការចូលសញ្ជាតិខ្មែរឲ្យជនជាតិចិន៣នាក់ តែស៊ីដាច់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។


ជនសង្ស័យឈ្មោះ ស៊ិន ដាវុធ ភេទប្រុស អាយុ៤៦ឆ្នាំ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនហ្គោលវែលមានទីលំនៅផ្ទះលេខ B10 ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ។

តាមអង្គហេតុ កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនម្នាក់ឈ្មោះ Chan kam fung Jane បានពឹងពាក់ឲ្យជនសង្ស័យឈ្មោះ ស៊ិន ដាវុធ រត់ការសុំចូលសញ្ជាតិខ្មែរឲ្យថៅកែចិន៣នាក់ គឺឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទស្រី និងឈ្មោះ Qin zhewei ភេទប្រុស ដែលជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ បានឲ្យថៅកែចិនឈ្មោះ Chan kam fung Jane ប្រគល់ប្រាក់ចំនួន៧៦ម៉ឺនដុល្លារ មកឲ្យខ្លួន ដើម្បីរត់ការដាក់ពាក្យសុំចូលសញ្ជាតិ ដោយសន្យាថា រត់ការក្នុងរយៈពេល៩០ថ្ងៃ ទើបបានលទ្ធផល។ បន្ទាប់មកលោក Chan kam fung Jane បានប្រគល់សែក១០សន្លឹករបស់ធនាគារសហពាណិជ្ជ .ក .អ មានលុយសុរបចំនួន៧៦ម៉ឺនដុល្លារ ឲ្យមកឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើការនេះ។
លុះដល់ថ្ងៃកំណត់ ស្រាប់តែមិនឃើញមានការកោះហៅជនជាតិចិនទាំង៣នាក់នោះ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិ តាមការសន្យា ហើយជនសង្ស័យឈ្មោះស៊ិន ដាវុធ បានគេចខ្លួនបាត់រហូតមក។
លុះមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ថៅកែចិនឈ្មោះ Chan kam fung Jane បានតាមរកឃើញជនសង្ស័យ ពេលនោះជនសង្ស័យ បានសារភាពថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិទេ គឺយកទៅប្រើប្រាស់ការងារផ្ទាល់ខ្លួន ហើយសន្យាថា នឹងសងប្រាក់វិញទាំងអស់ តែរហូតមកដល់ថ្ងៃនេះ មិនឃើញសងប្រាក់វិញសោះ ទើបថៅកែចិនឈ្មោះ Chan kam fung Jane ដាក់ពាក្យប្ដឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យតែម្ដង៕