ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះហៅឧត្ដមសេនីយ៍ទោ សូយ ចាន់សឿន នាយទាហានជាន់ខ្ពស់ អគ្គបញ្ជាការដ្ឋាន ដើម្បីសាកសួរពាក់ព័ន្ធនឹងបណ្ដឹងរបស់លោកស្រី ឌួង ហេម៉ា់លីស ។


សូមបញ្ជាក់ថា ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស បានដាក់ពាក្យបណ្តឹងលើមន្ត្រីយោធាផ្កាយ២ឈ្មោះ សូយ ចាន់សឿន តួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការក្រសួងការពារជាតិ ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ប្រើអំពើហិង្សា ដោយមានស្ថានទម្ងន់ និងបង្ខាំងដោយខុសច្បាប់» ដែលបានប្រព្រឹត្តមកលើខ្លួន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។


យោងតាមពាក្យបណ្ដឹងរបស់ស្រ្តីរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស បានឲ្យដឹងថា «កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់ នៅលើដងផ្លូវស្ថិតនៅរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្ដាល ឈ្មោះ សូយ ចាន់សឿន បានវាយដំមកលើនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្ជង់មកលើនាងខ្ញុំមិនឲ្យខ្ញុំស្រែក និងគំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ព្រមទាំងចាប់បង្ខាំងនាងខ្ញុំនៅក្នុងផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្ដីទីការិយាល័យអភិវឌ្ឍន៍ នៃអគ្គបញ្ជាការក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ»។


ស្ត្រីរងគ្រោះបានប្រាប់អ្នកកាសែតបន្ថែមទៀតថា ដើមហេតុដែលនាំឲ្យកើតហិង្សាយ៉ាងដូច្នេះ និងដំណើររឿងថាដោយសារតែទាស់សំដីគ្នាបន្តិចបន្តួច ពាក់ព័ន្ធការផ្ដល់យោបល់ផ្លូវច្បាប់ជុំវិញករណីប្ដឹងប្ដល់គ្នាលើករណីវិវាទដីធ្លីរបស់លោក សូយ ចាន់សឿន ហើយបុគ្គលរូបនេះកើតការខឹងសម្បាដូចកម្រោលចូល ក៏បានដាល់ចំភ្នែក កញ្ចឹងក និងលើទ្រូងជាច្រើនដៃ បណ្ដាលឲ្យវិលមុខ ដែលការវាយនេះនៅម្ដុំរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល។ បន្ទាប់មកជនដៃដល់ក៏បានបើកឡានទៅដល់ម្ដុំច្បារអំពៅ ក៏ធ្វើវាយប៉ុន្មានដៃថែមទៀត និងបើកឡានរហូតដល់ខេត្តកំពង់ស្ពឺ ក៏បានវាយតប់ និងគម្រាមបាញ់សម្លាប់ បាញ់បំបាក់ជើងថែមទៀតផង ហើយបើកឡានទៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ និងបានបង្ខាំងខ្លួននៅក្នុងផ្ទះ ហើយខ្លួនក៍បានតេ ទូរស័ព្ទទៅសាច់ញាត្តិ និងសមត្ថកិច្ចភ្លាម ។ បន្ទាប់មកនៅយប់វេលាម៉ោងជាង៧ ទើបខាងសមត្ថកិច្ចមកដល់ និងបានរំដោះខ្លួនចេញមក ដើម្បីទៅមន្ទីរពេទ្យធ្វើការ សង្រ្គោះព្យាបាល ព្រោះខ្លួនមានអាការលើសឈាមខ្លាំង និងរបួសធ្ងន់ធ្ងរនៅលើភ្នែកទាំងសងខាង។
នៅក្នុងពាក្យបណ្តឹងដដែល ស្រ្តីរងគ្រោះបានទាមទារប្រាក់ព្យាបាលរបួសចំនួន១លានដុល្លារ និងប្រាក់សងជំងឺចិត្ត១លានដុល្លារ សរុប២លានដុល្លារ និងសូមឲ្យផ្តន្ទាទោសជនចោទតាមផ្លូវច្បាប់។


ជុំវិញនឹងករណីនេះ «KBN» មិនអាចសុំការបកស្រាយបញ្ជាក់ពីលោកផ្កាយ២ សូយ ចាន់សឿន បានឡើយ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕