បច្ចុប្បន្ននេះ ការអ៊ុតសក់ត្រង់គឺជារឿងធម្មតា និងពេញនិយមសម្រាប់សុភាពនារីៗ។ យុវវ័យភាគច្រើន នាំគ្នាអ៊ុតសក់ត្រង់ដោយមិនបានដឹងពីផលប៉ះពាល់ដែលបង្កឡើងដោយកម្ដៅ និងសារធាតុគីមីដែលមានក្នុងថ្នាំអ៊ុតសក់ឡើយ។ ចង់ដឹងថាតើមានបញ្ហាអ្វីខ្លះ សូមអានអត្ថបទខាងក្រោមនេះ៖

១. ធ្វើឱ្យសក់ស្ងួត៖ ផលប៉ះពាល់អវិជ្ជមានដែលកើតឡើងដោយសារធាតុគីមី ម៉ាស៊ីនផ្លុំសក់ និងម៉ាស៊ីនគាបសក់នោះអាចបណ្ដាលឱ្យសក់ស្ងួត បែកចុង និងផុយស្រួយ។ ករណីនេះសក់ខ្លះអាចទទួលរងការខូចខាតយ៉ាងខ្លាំងរហូតដល់ឆេះក៏មានដែរ។

២. បាត់បង់ជាតិសំណើម៖ ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ និងម៉ាស៊ីនគាបសក់ ធ្វើឱ្យសក់មានស្ថានភាពកាន់តែអាក្រក់ ជាពិសេសគឺបាត់បង់ជាតិសំណើមពីធម្មជាតិក្នុងកម្រិតមួយធ្ងន់ធ្ងររហូតឈានទៅរកសភាពសក់រួញលើសដើម រាល់ពេលដែលមិនបានគាបម្ដងៗ។

៣. សក់អាឡែកហ្សី៖ ប្រតិកម្មសក់កើតឡើងដោយសារជាតិគីមីនៃទឹកថ្នាំអ៊ុតសក់នោះ។ ក្នុងករណីនេះ មានផលប៉ះពាល់អាចនឹងលេចឡើងភ្លាមៗបន្ទាប់ពីអ៊ុតរួច ឬពីរបីថ្ងៃបន្ទាប់។ អាការៈអាឡែកហ្សីរួមមាន រមាស់នៅលើស្បែកក្បាល ស្បែកក្បាលក្រហម មិនត្រឹមតែក្បាលប៉ុណ្ណោះទេ សូម្បីតែភ្នែកក៏បណ្ដាលឱ្យមានកន្ទួលរមាស់ និងភ្នែកក្រហមបានដែរព្រោះចំហាយថ្នាំភាយចេញពេលកំពុងចំហុយ។ បើមានបញ្ហាបែបនេះអ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមៗ។

៤. ខូចឫសសក់៖ ផលប៉ះពាល់របស់ការអ៊ុតសក់នៅពេលខាងមុខគឺធ្វើឱ្យឫសសក់មិនរឹងមាំ។ មនុស្សជាច្រើនដែលបានអ៊ុតសក់តែងជួបប្រទះបញ្ហានេះដូចគ្នា។ ការប្រើប្រាស់សារធាតុគីមី និងម៉ាស៊ីនគាបអន់ដែលមានមុខគ្រើម អាចធ្វើឱ្យស្នាមគល់សក់ហើយឫសសក់ទន់ខ្សោយ និងងាយដាច់សរសៃសក់៕