ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយឡេនឌ័រ លឿនពេកធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ ហោះទៅបុកបង្គោលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺក បណ្តាលឲ្យរថយន្តក្រឡាប់មួយជុំ ។


ករណីគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរស្រវឹងនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។


មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាទាំង២នាក់ បើករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AH-4531 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង៣០ម៉ែត្រ រួចហោះទៅបុកនឹងបង្គោលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺក បណ្ដាលទ្រេត។ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខស្ទើរទាំងស្រុង ។ តែសំណាងល្អ មិងបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ។
ក្រោយពេលកើតហេតុ បានស្ទួចរថយន្តហាយឡេនឌ័រ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕