ខេត្តព្រះសីហនុ៖ ជនអន្ធពាលជនជាតិចិន ចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ជនជាតិចិនដូចគ្នា ក៏ត្រូវសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បាន​ឲ្យដឹង កាលពីព្រឹក ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២១​ថា​ កាលពីថ្ងៃទី២១​ ខែមករា ឆ្នាំ២០២១កន្លងមកនេះ មានករណី​ជនជាតិចិន បាញ់សម្លាប់ជនជាតិចិនដូចគ្នា​ នៅមុខកាស៊ីណូ «ជីយវនីសិន» ជិតវត្តឥន្ទញញាណ​ ក្រុងព្រះសីហនុ។ ប៉ុន្ដែបើគិតមកដល់ថ្ងៃនេះ (ថ្ងៃទី២៧ ខែមករា) ​កម្លាំងនគរបាល​ បានស្រាវជ្រាវ រហូតចាប់ខ្លួនជនសង័្សយបានចំនួន៣នាក់ ដែលជាជនជាតិចិនដូចគ្នា។លោកស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងចំណោមជនសង័្សយ ដែលត្រូវចាប់ខ្លួនទាំង២នាក់នោះ មានម្នាក់ជាជនដៃដល់ និង២នាក់ទៀត ជាអ្នកសមគំនិត។ ជនសង័្ស​យទាំងនោះ រួមមាន ទី១-ឈ្មោះ Zhang Xuanyi ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកនាំភ្ញៀវក្នុងកាស៊ីណូ ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ, ទី២-ឈ្មោះ Wu Kai Jin ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកណែនាំបុគ្គលិកចូលធ្វើការ មានទីលំនៅមិនពិតប្រាកដ និងទី៣-ឈ្មោះ Huang Kun ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្កលិកហាងម៉ាស្សា ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចដកហូតបាន​ហូតបានវត្ថុតាង ព្រមទាំងថ្នាំញៀនមួយចំនួនផងដែរ។

លោកស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ថែមថា ករណីនេះ សមត្ថកិច្ចកំពុងតែធ្វើកិច្ចការនេះបន្ដទៀត ដើម្បីតាមស្វែងរកបក្ខពួករបស់ជនល្មើស ដែលនៅសេសសល់ នាំមក​ផ្តន្ទាទោសតាមច្បាប់។

សូមជម្រាបថា កាលពីវេលាម៉ោង​៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ​នេះ មានករណីខ្មាន់កាំភ្លើងម្នាក់ជាជនជាតិចិន បាន​បាញ់ប្រហារទៅលើបុរសជាជនជាតិចិនម្នាក់​ បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់ នៅក្នុងមុខកាស៊ីណូ «ជីយវនីសិន» ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុភ្លាមៗ​ ​កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ​ និងកម្លាំងអន្ដរាគមន៍ពិសេស ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់។

ប្រភពព័ត៌មានពីសមត្ថកិច្ច​ បានឲ្យដឹងថា​ ជនរងគ្រោះ ជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AL-9459។ ដោយឡែកខ្មាន់កាំភ្លើងក្រោយពេលធ្វើសកម្មភាពរួចហើយ ក៏បានជិះរថយន្ដមួយគ្រឿង ម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-1413​ យកទៅប្លុងចោល នៅជិតផ្សារដំរី៥ ហើយ​រត់គេចខ្លួនបាត់​​។ ប៉ុន្ដែបន្ទាប់ពីស្រាវជ្រាវរកឃើញរថយន្ដរបស់ជនដៃដល់ហើយ ទើបសមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជន​សង្ស័យទាំង៣នាក់​ រួមទាំងវត្ថុតាង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕