ការសេពគប់ជាមួយបុរស ក្នុងបំណងយកជាគូជិវិត ឬគូស្នេហ៍នារីទាំងឡាយគួរពិចារណា ពីចំណុចលម្អិតផ្សេងៗរបស់បុរសនោះ ឱ្យបានច្បាស់ជាមុនដើម្បីកុំឱ្យខកបំណង។


១. គេមិនយល់ដល់អ្នកសោះ ដូចជាមិនតបស្នង មិនទូរស័ព្ទក្នុងពេលដែលគួរទូរសព្ទមិនចង់ប្រើពេលវេលារួមគ្នា ហើយបើអ្វីៗអ្នកជាភាគីចាប់ផ្ដើមមុនជាង ៥០% គួរតែបណ្ដោយឱ្យគេទៅៗកុំបន្ដទៀត។
២. បុរសពូកែសម្អិតសម្អាងនៅមុខកញ្ចក់វែកភ្លីសក់យូរជាងអ្នក ឈប់មុខកញ្ចក់រាល់ពេលដែលដើរឆ្លងកាត់តុសម្អាតមានគ្រឿងសម្អាងថែរក្សាស្បែកច្រើនជាងអ្នក ចូរបញ្ចប់ទំនាក់ទំនងជាមួយគេទៅព្រោះគេអាចជាបុរសប្រភេទទី៣ ស្រឡាញ់ភេទដូចគ្នាហើយ។
៣. ឆ្កួតនឹងកីឡាហួសព្រំដែន អាចសង្កេតបានថា គេមើលតែប៉ុស្ដិ៍កីឡាច្រើនប៉ុណ្ណាក្នុងមួយថ្ងៃ?បើមែននោះចូលប្រយ័ត្នទៅ ពេលដែលរៀបការហើយ ថ្ងៃចុងសប្ដាហ៍គេប្រាកដជានៅតែមុខកញ្ចក់ទូរទស្សន៍មើលកីឡា ឬនៅទីលានកីឡាណាមួយមិនខាន។
៤. វិភាគ និងពិចារណាលើអ្នក គ្រប់ពេលវេលាដូចជា អ្នកធាត់ពេក និយាយច្រើនពេក ដំណើររាងរៅរបស់អ្នកអាក្រក់ តែងខ្លួនមើលមិនបាន ឬរិះគន់ចំណុចតូចតាចរបស់អ្នកគ្រប់ពេលវេលា ហើយបើក្នុងលក្ខណៈមើលងាយទៀត គួរតែចាកចេញពីគេឱ្យហើយទៅ។
៥. កុំជឿរាល់ពាក្យសម្ដីរបស់បុរសដែលមានប្រពន្ធហើយ ទោះបើគេរអ៊ូពីភរិយាគេយ៉ាងណាក៏ដោយ ចូរចាកចេញពីបុរសនោះ ព្រោះយ៉ាងណាក៏ដោយគេនៅតែគេងគ្រែជាមួយប្រពន្ធគេ និងជួបមុខគ្នារាល់ថ្ងៃ។ គួរស្វែងរកបុរសណាដែលស្រឡាញ់អ្នកពិតៗទៅវាប្រសើរជាង។
៦. បុរសដែលគ្មានគោលដៅជីវិត ដូចជាគ្មាការងារធ្វើ គ្មានផ្ទះសម្បែង គ្មានយានជំនិះ ហើយតាមតោងអ្នកគ្រប់ពេល។ យកល្អគួរកុំចំណាយពេលជាមួយបុរសប្រភេទនេះអី៕