អ្នកដាច់ខាតមិនត្រូវប្រើថ្នាំពន្យារកំណើតទេ ប្រសិនបើមានអាការៈលើសសម្ពាធឈាមព្រោះថា ថ្នាំពន្យារកំណើតនឹងនាំឱ្យសម្ពាធឈាមកាន់តែកើនថែមឡើងទៀត។ ដោយឡែក ក៏មានស្រ្ដីខ្លះមិនគួរប្រើថ្នាំពន្យារកំណើតផងដែរដូចជា៖
• អ្នកកើតមានបញ្ហាសរសៃឈាម ឬដំណើរការឈាមរត់មិនធម្មតា
ករណីរលាកសរសៃឈាម ឬស្ទះសរសៃឈាមសួតជាដើម សុទ្ធតែមានបញ្ហាទាំងអស់ ដោយសារការប្រើថ្នាំពន្យារកំណើត។ ពិសេសពេលដំណើរការឈាមរត់មិនស្រួល ការលេបថ្នាំពន្យារកំណើតងាយធ្វើឱ្យឈាមកកណាស់ ព្រោះវានាំឱ្យស្ទះសរសៃឈាម។
• អ្នកកើតជំងឺបេះដូង
ករណីស្ទះសៃឈាម កកឈាម (ឬខន់ឈាម) នោះហើយដែលវាបង្កឱ្យបេះដូងកើតមានបញ្ហាផងដែរ។
• ស្រ្ដីដែលមានអាយុលើសពី៣៥ឆ្នាំ ហើយចេះជក់បារី
ជំងឺតម្កាត់គ្រប់បែបយ៉ាងក៏កាន់តែមានច្រើនថែមទៀត ពេលអាយុកាន់តែច្រើនទៅ ពិសេសប្រសិនបើអ្នកជក់បារី ជាតិពុល ដែលកើតមានឡើងដោយសារធាតុ នីកូទីនរបស់បារី វានឹងបង្កឱ្យមានប្រតិកម្មជាមួយនឹងថ្នាំពន្យារកំណើត។ អាស្រ័យហេតុនេះ សូមស្រ្ដីដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅប្រសិនបើប្រើវិធីពន្យារកំណើតដោយប្រើថ្នាំពន្យារកំណើតនោះ គួរតែបោះបង់ចោលនូវការជក់បារី។
• អ្នកកើតមានជាតិកូលេស្ដេរ៉ូលនៅក្នុងឈាមខ្ពស់
ប្រសិនបើអ្នកមានបញ្ហាយ៉ាងដូច្នេះមែន ចូរអ្នកចៀសវាងការប្រើថ្នាំពន្យារកំណើតព្រោះថា ថ្នាំប្រភេទនេះវានឹងបង្កើនជាតិលីពីដ នៅក្នុងឈាមកាន់តែច្រើនឡើងថែមទៀត។
• អ្នកកើតជំងឺទឹកនោមផ្អែម
ចូរអ្នកកុំប្រើថ្នាំពន្យារកំណើតឱ្យសោះ ដោយសារតែថ្នាំប្រភេទនេះ វានឹងធ្វើឱ្យអត្រាជាតិស្ករនៅក្នុងឈាមកាន់តែខ្ពស់។
• ស្រ្ដីដែលកំពុងតែមានជំងឺមហារីកដោះ មហារីកស្បូន មហារីកដៃស្បូន កស្បូន
ចំពោះអ្នកដែលកើតមានបញ្ហាទាំងនេះ ប្រសិនបើប្រើប្រាស់ថ្នាំពន្យារកំណើតកាន់តែមានបញ្ហា នោះក៏ដោយសារតែសារធាតុដែលសាយភាយចេញពីថ្នាំពន្យារកំណើតេវានឹងបង្កើនកោសិកា មហារីកកាន់តែច្រើនឡើងបណ្ដាលឱ្យអាការៈនៃជំងឺមហារីកកាន់តែរងសភាពធ្ងន់ធ្ងរទៅៗ៕