ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតតែម្យ៉ាងនោះទេ ប៉ុន្តែនាងថែមទាំងមានទេពកោសល្យសិល្បៈផងដែរ ស្របពេលដែលប្រជាប្រិយភាពរបស់នាងហាក់ដូចជាមិនថមថយសោះឡើយ។


បន្ទាប់ពីអ្នកនាង គង់ ចាន់ស្រីមុំ បានកសាងជីវិតគ្រួសារជាមួយនឹងលោក កឹម សីហា រួចមកឃើញថាជីវិតរបស់នាងកាន់តែមានសុភមង្គល ជាពិសេសក្រោយពេលដែលនាងបង្កើតបានកូនស្រីម្នាក់ដែលមានមុខមាត់គួរឲ្យស្រឡាញ់នោះ។ ពីមួយថ្ងៃទៅមួយគេសង្កេតឃើញនាងតែងតែបង្ហោះរូបភាពខ្លួនឯង រូបភាពកូនស្រី ក៏ដូចជាបង្ហោះរូបភាពជាមួយនឹងស្វាមី ដែលមើលទៅពួកគេហាក់ដូចជាមានក្ដីសុខពិតមែន។


យ៉ាងណាមិញមួយរយៈក្រោយមកនេះ តារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ បន្ទាប់ពីនាងផ្អាកការសម្តែងខ្សែភាពយន្តអស់រយៈពេលប៉ុន្មានឆ្នាំ ស្រាប់តែនាងធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង ដែលនាងបានបង្ហាញវត្តមានជាថ្មីនៅក្នុងខ្សែភាពយន្តខ្នាតធំមួយ ដែលនាងបានសម្តែង និងដើរតួជាតួអង្គឯកជាមួយនឹងតារាសម្តែងរូបសង្ហាលោក ព្រីន ថែមទៀតផង។


មុននេះបន្តិច អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះរូបភាពមួយចំនួនជាមួយនឹងគ្រួសារនៅឯខេត្តមណ្ឌលគិរី ដែលមើលទៅជីវិតនាងនិងគ្រួសារពិតជាមានសុភមង្គលពិតមែន ក៏ដូចជាត្រូវបានមហាជនភាគច្រើននាំគ្នាចូលទៅខំមិនសរសើរជារឿយៗផងដែរ៕