ចំពេលមានកង្វះខាតបន្ទះឈីបអេឡិចត្រូនិកជាសកល ដែលកំពុងបង្ខំឱ្យក្រុមហ៊ុន    ផលិតរថយន្តកាត់បន្ថយផលិតកម្ម បណ្តាប្រទេសជាច្រើនដូចជាប្រទេសជប៉ុន បានស្នើសុំឱ្យកោះតៃវ៉ាន់ជួយជំរុញការផលិតបន្ទះឈីបអេឡិចត្រូនិក។

មន្រ្តីក្រសួងកិច្ចការសេដ្ឋកិច្ចកោះតៃវ៉ាន់ បាននិយាយថា សំណើទាំងនេះបានចាប់ផ្តើមកាលពីចុងឆ្នាំមុនពីប្រទេសជប៉ុន  សហរដ្ឋអាមេរិក និងអឺរ៉ុប ។ ក្រុមមន្ត្រីបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តសកល មិនស្ថិតក្នុងចំណោមអតិថិជនចម្បងនៃក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិកកោះតៃវ៉ាន់ឡើយ។

ប៉ុន្តែពួកគេបានស្នើសុំឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើអស់ពីសមត្ថភាពដើម្បីជួយសម្រួលដល់ការខ្វះខាតនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ បានរាយការណ៍ថាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកកោះតៃវ៉ាន់ ឬ TSMC បានត្រៀមខ្លួនរួចជាស្រេចដើម្បីខិតខំបំពេញតាមតម្រូវ  ការ ខណៈជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោក។

ចំពេលដែលជំងឺកូវិត-19 រីករាលដាល ការលក់រថយន្តទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែការលក់របស់ក្រុមហ៊ុនកំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណាការងើបឡើងវិញយ៉ាងឆាប់រហ័សនេះ បានជំរុញឱ្យមានកង្វះខាតបន្ទះឈីបអេឡិចត្រូនិករថយន្ត ដែលបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តកាត់បន្ថយផលិតកម្មយានយន្តរបស់ពួកគេ។

ដោយចេញផ្សាយរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនកាលពីដើមខែនេះក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកកោះតៃវ៉ាន់ ឬ TSMC បាននិយាយថាសមត្ថភាពផ្គត់ផ្គង់របស់ខ្លួននឹងនៅតែមានភាពតានតឹងក្នុងរយៈពេលខ្លីនេះ ដោយសារតែមានការងើបឡើងវិញដ៏ឆាប់រហ័សនៃតម្រូវការរថយន្ត។