ភ្នំពេញ ៖ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្ម សាន់ ដេ កញ្ញា សុខ ពិសី ហាក់ដូចជានៅតែមានសន្ទុះនៃការគាំទ្រពីសំណាក់មិត្តយុវវ័យដដែល ខណៈដែលនាងឈរជើងលើវិថីសិល្បៈអស់រយៈពេលរាប់ឆ្នាំមកហើយក៏ដោយក្ដី។


ក្រៅពីមានទឹកដមសំឡេងពីរោះហើយនោះកញ្ញា សុខ ពិសី ក៏មានរូបសម្រស់ស្រស់ស្អាតប្លែកពីពេលដែលនាងទើបនឹងចូលសិល្បៈដំបូង ខណៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះគេឃើញនាងកាន់តែមានសម្រស់ក្មេងជាងវ័យទៅវិញ។


បើទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃរដូវកាលកូវីដ១៩យ៉ាងណាក្ដីក៏ដូចជានាងមិនសូវបានចេញបទចម្រៀងថ្មីញឹកញាប់ដូចមុនក៏ដោយ ក៏នាងនៅតែបង្ហាញមុខនៅក្នុងការ Live លក់អនឡាញរបស់នាង ជាពិសេសគឺការបង្ហាញពីផលិតផលរបស់នាងផងដែរ ដែលនៅតែមានការគាំទ្រពីសំណាក់អតិថិជនរបស់នាងជាច្រើន។


ងាកមកមើលពីជីវិតស្នេហាវិញមកទល់នឹងពេលនេះ កញ្ញា សុខ ពិសី នៅតែបន្តលាក់បាំងដោយមិនបង្ហាញពីមុខមាត់ឋានៈរបស់គូសង្សាររបស់នាងនៅឡើយទេ ខណៈពេលដែលមានព័ត៌មានលេចឮថានាងមានទំនាក់ទំនងស្នេហាជាមួយនឹងថៅកែផលិតកម្មសាន់ដេ ស្របពេលដែលព័ត៌មានទាំងនោះបានស្ងប់ស្ងាត់ទៅវិញយ៉ាងណាក្ដី៕