បើយោងតាម វេជ្ជសាស្ត្រចិនបង្ហាញថា ម្នាស់មានសមត្ថភាពជួយពង្រឹងដល់ក្រពះ ជួយគាំទ្រការរំលាយអាហារ ជំនួយដល់លំពែងសម្អាតពោះវៀន កម្ចាត់ខ្លាញ់ចេញពីឈាម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ទោះបី ម្នាស់ជាផ្លែឈើសម្បូរទៅដោយអាហារូបត្ថម្ភដែលរាងកាយត្រូវការជាចាំបាច់ក៏ពិតមែន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចទទួលទានតាមតែអំពើចិត្តនោះទេ។ មនុស្សមួយចំនួនគួរតែចៀសវាងទទួលទានផ្លែម្នាស់ ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែមានអាការៈធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល ។

នៅក្នុងនោះ អ្នកដែលមានបញ្ហាអាឡែហ្ស៊ី ប្រសិនបើទទួលទានផ្លែម្នាស់រយៈពេលប្រហែជា ១៥ ទៅ ៦០ នាទី នឹងកើតមានបញ្ហាឈឺពោះ ក្អួត វិលមុខ ហូរឈាម តាមអវយវៈ ឬតាមជើងធ្មេញ ។ រោគសញ្ញាធ្ងន់ធ្ងរអាចពិបាកដកដង្ហើម និងញ័រទ្រូងផងដែរ ។

ប្រសិនបើ រោគសញ្ញាលេចឡើងភ្លាមៗអ្នកត្រូវ ប្រញាប់ទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ក្រៅពីនេះ អ្នកដែលមានជំងឺដំបៅ ក្រពះ ជំងឺតម្រងនោម ឬរលាក សន្លាក់រ៉ាំរ៉ៃ គួរចៀសវាងទទួលទានម្នាស់ ។ សូម្បីតែអ្នកដែលមានជំងឺគ្រុនក្តៅ កន្ទួល រមាស់ ឬជំងឺ ត្រអក ក៏មិនគួរទទួលទានម្នាស់ដែរ ៕