សម្រកទម្ងន់៖ ផ្លែប៉ោម សំបូរដោយជាតិទឹក និងជាតិសរសៃ ដែលជួយឲ្យឆាប់ឆ្អែត។ ការសិក្សាមួយបានឲ្យដឹងថា អ្នកញ៉ាំផ្លែប៉ោមមុនញ៉ាំអាហារធ្វើឲ្យអ្នកទាំងនោះញ៉ាំកាឡូរីតិចជាងមុនរហូតដល់ ២០០កាឡូរី។ ការសិក្សាមួយទៀតមានស្ត្រីលើសទម្ងន់ ៥០ នាក់ ចូលរួមនិងបានញ៉ាំផ្លែប៉ោម រយៈពេល ១០សប្ដាហ៍ ឃើញថាស្រ្តីទាំងនោះស្រក ១គីឡូ និង ញ៉ាំកាឡូរី តិចជាងមុន។ បន្ថែមពីនេះទៀត សារធាតុផ្សេងទៀតក្នុងផ្លែប៉ោមជួយដល់ការសម្រកទម្ងន់។

សុខភាពបេះដូង៖ ផ្លែប៉ោមអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង។ មូលហេតុគឺដោយសារផ្លែប៉ោមមានជាតិសរសៃរលាយ ដែលអាចបញ្ចុះកម្រិតកូលេស្តេរ៉ូលក្នុងឈាមបាន។ ម៉្យាងទៀត ផ្លែប៉ោមក៏មានផ្ទុកសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយភាគច្រើនមាននៅក្នុងសំបកផ្លែប៉ោម។ សារធាតុមួយក្នុងចំណោម polyphenol គឺ សារធាតុ flavonoid ម្យ៉ាង ឈ្មោះepicatechin អាចជួយបញ្ចុះសម្ពាធឈាម។ ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំសារធាតុ flavonoid ច្រើនអាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល ២០%។ សារធាតុ flavonoid នេះក៏អាចជួយការពារជំងឺបេះដូងដោយបញ្ចុះសម្ពាធឈាមបន្ថយខ្លាញ់អាក្រក់ LDL និងដើរតួជាសារធាតុ ប្រឆាំងអុកស៊ីតកម្ម។

ជំងឺទឹកនោមផ្អែម៖ ការសិក្សាដ៏ធំមួយបានលើកឡើងថា ការញ៉ាំផ្លែប៉ោមមួយផ្លែមួយថ្ងៃអាចកាត់បន្ថយ ហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ២ បានរហូតដល់ ២៨% បើធៀបនឹងអ្នកមិនញ៉ាំផ្លែប៉ោមសោះ។ ទោះបីជាញ៉ាំផ្លែប៉ោមត្រឹមតែ មួយទៅពីរផ្លែក្នុងមួយសប្ដាហ៍ក៏មានប្រសិទ្ធភាពដែរ។ នេះអាចមកពីសារធាតុ polyphenol នៅក្នុងផ្លែប៉ោម អាចបង្ការការ ខូចខាតជាលិកាឬកោសិកា Beta នៅក្នុងលំពែង។ កោសិកា Beta ផលិតអរម៉ូនអាំងស៊ុយលីន សម្រាប់រាងកាយនិង ភាគច្រើន អ្នកមានជំងឺទឹកនោមផ្អែម ប្រភេទ២ មានការខូចខាតកោសិកា Beta នេះ។

សុខភាពពោះវៀន៖ ផ្លែប៉ោម មានផ្ទុកសារធាតុ pectin ដែលជាជាតិសរសៃ មួយប្រភេទ និងដើរតួជា prebiotic។ សារធាតុនេះអាច ជួយដល់បាក់តេរីល្អនៅក្នុងពោះវៀន។ ពោះវៀនតូច មិនស្រូបយកជាតិសរសៃអំឡុងពេលរំលាយអាហារទេ។ ដូចនេះជាតិសរសៃ នេះនឹងទៅពោះវៀនធំដែលជួយដល់ការលូត លាស់បាក់តេរីល្អ។

ជំងឺហឺត៖ ផ្លែប៉ោម សំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារសួតពីការខូចខាតបង្ក ដោយអាការៈ oxidative stress។ ការសិក្សាមានស្ត្រីចូលរួម ៦៨ ០០០នាក់ រកឃើញថា អ្នកដែលញ៉ាំផ្លែប៉ោម ច្រើនមាន ហានិភ័យទាបលើការកើតជំងឺហឺត។ សំបកផ្លែប៉ោម ផ្ទុកសារធាតុflavonoid ឈ្មោះ quercetin អាចជួយដល់ប្រព័ន្ធភាពស៊ាំ និងបន្ថយការរលាកដែល អាចមានផលប៉ះពាល់ ដល់ជំងឺហឺត និងអាលែកហ្សី។

សុខភាពឆ្អឹង៖ ការញ៉ាំផ្លែឈើអាចជួយដល់សុខភាពឆ្អឹង។ អ្នកស្រាវជ្រាវជឿថា សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងរលាកដែលមាននៅក្នុង ផ្លែឈើ អាចនឹងជួយបង្កើនកំហាប់ឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។ ការសិក្សាជាច្រើន បង្ហាញថា ផ្លែប៉ោម មានឥទ្ធិពលវិជ្ជមាន ទៅលើសុខភាពឆ្អឹង៕